កីឡា

ពីកុមារកំព្រាកម្ពុជាដែលត្រូវបានបុរសអាមេរិកកាំងស្រឡាញ់ភេទដូចគ្នា ទទួលចិញ្ចឹមទៅនៅសហរដ្ឋអាមេរិក ក្លាយជាកីឡាករមុជទឹកដែលនឹងចូលរួមប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន

image

និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យរដ្ឋ Texas កីឡាករ Jordan Windle និងអតីតនិស្សិត កីឡាករ Brandon Loschiavo បានឆ្លងផុតវគ្កជម្រុះ ហើយនឹងទៅចូលរួមប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសារផ្នែកកីឡាករមុជទឹក។ កីឡាករ Jordan Windle បានព្យាយាមចំនួនពីរដងនៅពេលមានអាយុ១៣ និង១៧ឆ្នាំ តែមិនជោគជ័យឡើយ តែការតស៊ូនិងព្យាយាមហ្វឹកហាត់ បានធ្វើឱ្យគាត់ជោគជ័យនៅឆ្នាំនេះ ហើយពេលនេះគាត់មានអាយុ២២ឆ្នាំ។

កីឡាករ  Brandon Loschiavo ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេដោយទទួលបានពិន្ទុសរុបចំនួន ១៨ អាន់ឌ័រ ចំនួន ១៤២១,០០ ពិន្ទុ ខណៈដែល Jordan Windle ទទួលបានចំណាត់ថ្នាក់បន្ទាប់ជាមួយនឹង ១៤០១.៤០ ពិន្ទុ។ កីឡាករ Jordan Windle មានគម្លាតពិន្ទុឆ្ងាយពីកីឡាករ David Dinsmore ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ១២៧៨.៥០ ពិន្ទុ។

សូមបញ្ជាក់ប្រាប់ថា ដំណើរជីវិញរបស់កីឡាករ Jordan Pisey Windle (ពិសី) បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងដែលគាត់បានកើតនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ឪពុកម្តាយបង្កើតរបស់គាត់បានទទួលមរណភាពនៅពេលគាត់មានអាយុ១ ឆ្នាំ ហើយគាត់ត្រូវបានគេដាក់ឱ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

លោក Jerry Windle ជនជាតិអាមេរិកដែលត្រូវបានគេរាយការណ៍ថាបានតស៊ូដើម្បីទទួលយក Jordan Windle មករស់នៅសហរដ្ឋអាមេរិក។ ក្នុងនាមជាបុរសស្រឡាញ់ភេទដូចគ្នា លោកបានទទួលចិញ្ចឹមកូនប្រុសបច្ចប្បន្នរបស់ខ្លួន នៅពេលកូនប្រុសមានអាយុ ១៨ ខែ ហើយបានជួយព្យាបាលឱ្យមានសុខភាពល្អឡើងវិញ ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺក្រិនសរសៃឈាម ប៉ារ៉ាស៊ីតពោះវៀននិងជំងឺឆ្លងធ្ងន់ធ្ងរផ្សេងទៀត៕