ព័ត៌មានជាតិ

កសិករចិញ្ចឹមសត្វចង្រិតរកចំណូលពី៣​ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារក្នុងមួយឆ្នាំ ទោះបីក្នុងបរិបទកូវីដ

image

អត្ថបទ៖ កែម ចិន្តា 

កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំបក់ជើង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ងាកមកប្រកបមុខរបរ ចិញ្ចឹមសត្វចង្រិតអាចរកចំណូលបានច្រើន ដោយចំណាយដើមទុនតិច ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្ដី។

 

ប្រជាកសិករចិញ្ចឹមសត្វចង្រិត លោក ងិន  សុខហេង  អាយុ ៤៥ មានប្រពន្ធឈ្មោះ ទី ផល្លែន អាយុ៣៤ឆ្នាំមានកូន២នាក់ រួមគ្នាប្រកបមុខរបរចិញ្ចឹមចង្រិត ក្នុង រយៈ ពេល ៩ខែ អាចរកចំណូលពីការលក់ពង និងលក់មេ ដោយក្នុងមួយខែប្រមាណជា៤០០ដុល្លារ បើគិត១ឆ្នាំវិញនោះ ប្រហែល៣ពាន់ដុល្លារទៅ៥ពាន់ដុល្លារ​  ដែលចំណូលនេះធ្វើឲ្យជីវភាពកាន់ធូរធារជាងមុន។

 

លោក ងិន  សុខហេង បានរៀបរាប់ថា ការចិញ្ចឹមសត្វចង្រិតលក់អាចរកចំណូលបានគួរសម ហើយចំណាយដើមទុនតិច  អាចរកចំណូល១អាងបាន១លានរៀល ក្នុងរយៈ ពេល ១ខែ១០ថ្ងៃប៉ុណ្ណោះ។  លោកថា ក្នុងការប្រមូលផលម្តងៗ ងាយស្រួលជាងចិញ្ចឹមសត្វពាហនៈ ជ្រូក គោប្របី មាន់ទាជាដើម។ ការចិញ្ចឹមសត្វចង្រិតនេះ​​ងាយស្រួលមើលថែទាំ​ និងមិនលំបាកផ្ដល់ចំណីផង  យើងឲ្យតែរុក្ខជាតិប៉ៃតង ឬផ្លែឈើអ្វីក៏បានដែរ។

   

ក្នុងទឹកមុខរីករាយ លោក ងិន  សុខហេង បានរៀបរាប់បន្ត​ថា ការចាប់ផ្តើមចិញ្ចឹមដំបូង ដើម្បីឲ្យសត្វចង្រិតទទួលបានផលល្អ គឺត្រូវធ្វើអាង ទំហំ ទទឹង ២,៥ ម៉ែត្រ បណ្តោយ ៥ម៉ែត្រ។ លោកបានធ្វើ៦អាង ផ្ទៃដីបណ្តោយ ៧ម៉ែត្រ ទទឹង១៧ម៉ែត្រ ក្នុងចំណាយទិញប្រអប់ក្រដាសដាក់ពងមាន់ ១គីឡូក្រាមក្នុងតម្លៃ ៤ពាន់រៀល ដោយក្នុងរយៈ ពេល ៤០ថ្ងៃ អាចលក់ពង១ចាន ៤ពាន់រៀល។ 

លោក ងិន សុខហេង​ និយាយថា «​មេរៀនបច្ចេកទេសចិញ្ចឹម ចំណាយដើមទុន ក្នុង១អាង ១,៥​លានរៀល លក់វិញ ដំបូងចំណេញ ៦០ម៉ឺនរៀលក្នុង១អាង ដល់ខែទី ២ចំណាយតែទិញចំណីប៉ុណ្ណោះ។  រីឯចំណូលកាន់ឡើងរហូតដល់ចំណេញបានជាង១លានរៀល ក្នុង១អាង»។

ទន្ទឹមនឹងនេះ លោកស្រីទី ផល្លែន បានិយាយថា«ចញ្ចឹមចង្រិតចំណេញច្រើន  អាចលក់បានទាំងមេ និងពង»។​ 

ក្នុងនោះ លោកស្រីទី ផល្លែន ក៏បានផ្តាំថា«ការពារកុំឲ្យមានការបាញ់ ឬដុតថ្នាំមូស បាញ់ថ្នាំពុលក្បែរអាងបណ្តាលឲ្យចង្រិតងាប់ នេះជាហនិភ័យខ្លាំងចំពោះសត្វចង្រិត»​៕