ព័ត៌មានជាតិ

តូបលក់ដូរជាច្រើនក្នុងផ្សារសាមគ្គីខេត្តកំពតបានបិទទ្វារ ខណៈផ្សាររាត្រីកំពត បើកលក់ដូរឡើងវិញជាធម្មតា 

image

កំពត៖ បន្ទាប់ពីអាជ្ញាធរក្រុងកំពត បានប្រកាសបិទផ្អាកផ្សាររាត្រីកំពតមួយសប្តាហ៍រួចមក អាជីវករបានរៀបចំលក់ដូរជាធម្មតាឡើងវិញហើយ ខណៈដែលអាជីវករនៅផ្សារសាមគ្គីទីរួមខេត្តកំពត ចាប់ផ្តើមបិទតូបជាច្រើនកន្លែង។ ភាគច្រើននៃអាជីវករបិទតូបគឺ ជាអ្នកលក់មាស និងសំលៀកបំពាក់ ចំណែកអ្នកលក់ចំណីអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅលក់ជាធម្មតា។ 

លោក ម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពត បានឱ្យដឹងថា រដ្ឋបាលក្រុងបានអនុញ្ញាតិឱ្យអាជីវករផ្សាររាត្រីកំពត រៀបចំលក់ដូរធម្មតាឡើងវិញហើយ ក្រោយពេលបិទខ្ទប់រយៈពេលមួយសប្តាហ៍ ដើម្បីស្វែងរកអ្នកប៉ះពាល់ជាមួយអាជីវករម្នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩នៅផ្សារនេះ។ ជាក់ស្តែងព្រឹកថ្ងៃទី១១ ខែមិថុនា អាជីវករជាច្រើនបានចូលរៀបចំ និងបើកដំណើរការលក់ជាធម្មតាវិញហើយ។ 

ដោយឡែកនៅផ្សារសាមគ្គី ក្នុងទីរួមខេត្តកំពតឯណោះវិញ ទោះមានអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរនៅតែអនុញ្ញាតិឱ្យលក់ដូរជាធម្មតា ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការបីកុំបីការពារ។ ទោះយ៉ាងនេះក៏ដោយ បានសង្កេតឃើញអាជីវករជាច្រើនបានបិទតូបផ្អាកលក់ដូរ។ 

លោកអភិបាលរងក្រុង បានឱ្យដឹងដែរថា រាល់ថ្ងៃផ្សារនៅតែបើកឱ្យដំណើរការលក់ដូរជាធម្មតា ប៉ុន្តែអាជ្ញាធរ និងអ្នកគ្រប់គ្រងផ្សារមានការរិតបន្តឹងជាងមុនលើវិធានការការពារកូវីដ-១៩ ទាំងអ្នកទិញ និងអ្នកលក់ ត្រូវមានអនាម័យ ពាក់ម៉ាស លាងសំអាតដៃនឹងជែល ឬអាល់កុល នៅទីតាំងលក់។ អាជីវករលក់ដូរចំណីអាហារ បន្លែ ផ្លែឈើ ត្រីសាច់ នៅលក់ជាធម្មតា ចំពោះអាជីវករលក់គ្រឿងអលង្គារ មាស បា្រក់ ប្តូរប្រាក់ និងលក់សំលៀកបំពាក់បានបិទតូបមួយចំនួន។ តាមការប៉ាន់ស្មានប្រមាណជាង ១០ភាគរយនៃតូបសរុប ព្រោះក្រោយពីប្រជាពលរដ្ឋបានដឹងអំពីការផ្ទុះជំងឺកូវីដ-១៩ នៅកាស៊ីណូនៅច្រកព្រំដែនតន់ហន់ ហើយមានករណីឆ្លងច្រើន។ ដូចនេះពួកគាត់មានការភ័យខ្លាច ហើយទទ្ទឹមនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងជីវភាពរស់នៅផង ក៏សម្រេចបិទតូបផ្អាក់លក់មួយរយៈសិន។ 

លោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថា ក្រៅពីអាជីវករលក់ដូរតាមផ្សារ អាជីវករលក់ដូរនៅតាមផ្ទះ ក៏បានបិទផ្អាកចំនួនដែរ ដោយសារការពារកូវីដ-១៩ និងដោយសារមិនសូវមានភ្ញៀវទៅកម្សាន្តផង។ គិតមកដល់ពេលនេះ ក្រុងកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩ ពីកាស៊ីណូនៅច្រកព្រំដែនតន់ហន់ និងកន្លែងកម្សាន្តពេលរាត្រីចំនួន ៦៩នាក់៕

អត្ថបទ៖ វង្ស សុធារម្យ