ព័ត៌មានជាតិ

ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក កើនឡើងជិត ២៥% ក្នុងរយៈពេល ៤ខែ ឆ្នាំនេះ

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា នៅរយៈពេល ៤ខែដំបូងឆ្នាំ ២០២១នេះ មានតម្លៃទឹកប្រាក់ ២.៥១៩លានដុល្លារអាមេរិក កើនឡើង ២៤,៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ 

សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា កាលពីឆ្នាំ ២០២០។ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមរិក ក្នុងរយៈពេលនេះ មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ខណៈដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កាន់តែធូរស្រាល និងការរំពឹងទុកពីការងើបឡើងវិញលឿននៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចសកល។

ម៉្យាងវិញទៀត ការនាំទំនិញចេញរបស់កម្ពុជាទៅអាមេរិកកើនឡើងបែបនេះ គឺដោយសារការផលិតរបស់រោងចក្រកម្ពុជា ដែលមានគុណភាពធ្វើឱ្យអ្នកបញ្ជាទិញធំៗ នៅអាមេរិកមានទំនុកចិត្តលើកម្ពុជាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការអនុគ្រោះពន្ធក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP សម្រាប់ផលិតផលកាបូបធ្វើដំណើរ ដែលសហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត ត្រូវបានផុតសុពលភាព និងមិនទាន់ផ្តល់ឲ្យសាជាថ្មីនៅឡើយ ដោយសារការអូសបន្លាយនៃបញ្ហាវិបត្តិជំងឺកូវីដ-១៩។ មានការរំពឹងថា ការនាំចេញមានកំណើនខ្ពស់ជាងនេះ ក្នុងពេលដែលការអនុគ្រោះពន្ធនេះ ត្រូវបានបន្តផ្តល់ឡើងវិញ។

របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នៅចន្លោះពីខែមករា ដល់ខែមេសា ឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ១៣៥,៧លានដុល្លារអាមេរិក កើនឡើង ២៥,៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។

ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុប ៦.៥៧៧លានដុល្លារអាមេរិក បានកើនឡើង ២២,៧៩ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ 

ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៤៣លានដុល្លារ បានធ្លាក់ចុះ ៣៣,២៦ភាគរយ។ យោងនេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕