ព័ត៌មានជាតិ

ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន សំដៅជំរុញកំណើនសេដ្ឋ កិច្ចរបស់កម្ពុជា

image

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១ -២០២៣» តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីស្ថានតំណាងកម្ពុជានៅបរទេស សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន។

កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែ មិថុនា ឆ្នំា២០២១ និងបានអញ្ជើញបើកដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ ទំនងឱ្យកាន់តែជិត ស្និទ្ធរវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។  

«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១- ២០២៣» (Economic Diplomacy Stra tegy 2021-2023)  ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ សំដៅរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។  

ថ្លែងក្នុងពិធីបើកលោក បណ្ឌិត ញឹម ខេមរា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯក ជន ដែលមិនអាចកាត់ផ្តាច់បាននៅក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ លោក ក៏បានសង្កត់ធ្ងន់អំពីតួនាទីរបស់ក្រសួង

ការបរទេស ក្នុងការសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ជាមួយក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ក្នុងន័យធ្វើឱ្យគ្រប់តួអង្គកាន់តែយល់ពីគ្នា និងសហការគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធ ភាព។  

បន្ថែមលើនេះ នៅក្នុងបទបង្ហាញអំពីការងារការ ទូតសេដ្ឋកិច្ច លោក អនុរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភព លោក និងទេសចរណ៍អន្តរជាតិ ដែលបណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាននៅក្នុងឆ្នាំ ២០២០។ ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាម រយៈឧបករណ៍ដ៏មុតស្រួច របស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។ 

 អង្គប្រជុំបានឯកភាពគ្នាថា ការងារការទូតសេដ្ឋ កិច្ច គឺជាការងាររួម ដែលគ្រប់ក្រសួង- ស្ថាប័ន ជាតិ និងវិស័យ ឯកជនត្រូវធ្វើការរួមគ្នាហើយអង្គប្រជុំក៏ បានឯកភាពក្នុងការចាត់ឱ្យមានតំណាង១រូបមកពីគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីអាចចែករំលែកព័ត៌ មានគ្នាទាន់ពេលវេលា និងមានប្រសិទ្ធភាព។  

គួរកត់សម្គាល់ថា ការងារការទូតសេដ្ឋកិច្ច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃគោលនយោបាយការបរទេសកម្ពុជា ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ 

១-ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណ ភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មុតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងឯក ភាព សង្គម។

 ២- បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ។

 ៣-ការងារការទូតសេដ្ឋកិច្ច។

 ៤-បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម ។

 ៥-លើកកម្ពស់គុណ ភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូតកម្ពុជា៕ 

ដោយ៖វង សុភ័ក្ត្រ