ព័ត៌មានជាតិ

នៅដើមខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ដោយភ្ញៀវភាគច្រើននិយមទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍

image

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ បច្ចុប្បន្នរមណីយដ្ឋានដែលជាគោលដៅទេសចរណ៍មួយចំនួន និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ ចំនួនភ្ញៀវទេសចរទាំងអស់គឺមានការកើនឡើង ដោយនៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦.៦៩៨នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥.៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២នាក់ ។ ចំនួននេះមានការកើនឡើងប្រមាណ ៧,១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩,៨៨%។

ជាមួយគ្នានោះ ភ្ញៀវទេសចរ ភាគច្រើននិយមទៅកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍

ដោយនៅក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ គឺរួមមាន ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តកំពត

ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។

ជាក់ស្តែង គោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រួមទាំងតំបន់ អេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដ១៩នេះ ដូចជា សហគមន៍ អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ និងសហគមន៍អេកូទេសចរណ៍កោះសាមសិប ជាដើម។ 

បច្ចុប្បន្នក្រសួងទេសចរណ៍ បាននឹងកំពុងសិក្សា និងរៀបចំឯកសារទស្សនទានស្តីអំពី កញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេស ដែលមានហានិភ័យទាប បានមកទស្សនានៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ 

កត្តាទាំងនេះ គឺជាផ្នែកមួយនៃការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យមានជា វិធានសុវត្ថិភាព អនាម័យ ដែលត្រូវអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍នៅកម្ពុជា៕