ព័ត៌មានជាតិ

ខេត្តបាត់ដំបងថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដចំនួន១៤នាក់ថ្មីទៀត

image

បាត់ដំបង៖ មួយរយៈពេលចុងក្រោយនេះ ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានជារៀងរាល់ថ្ងៃ ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម  ប៊ុនរិទ្ធិ   បានផ្តល់ព័ត៌មានមកថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥នាក់ និងពលករមកពីប្រទេសថៃចំនួន៩នាក់ ហើយក្នុងថ្ងៃនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់ផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀតថា អ្នកជំងឺ ដែលបានឆ្លងថ្មីទាំង១៤នាក់នោះ នៅស្រុកឯកភ្នំ ចំនួន៤នាក់ ស្រុកមោងឫស្សី ចំនួន៤នាក់ ស្រុកគាស់ក្រឡ ចំនួន១នាក់ ស្រុករុក្ខគិរី ចំនួន១នាក់ ស្រុកបាណន់ ចំនួន៣នាក់ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១នាក់ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមស្រុកនានានិងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ។

ដោយឡែកអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយចំនួន៤នាក់ គឺជាអ្នករស់នៅរាធានីភ្នំពេញ ចំនួន១នាក់ ស្រុកបាណន់ចំនួន១នាក់ និងស្រុកកំរៀង ចំនួន២នាក់ ។ 

លោក បានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់មានចំនួន៤៨៣នាក់ ព្យាបាលជាសះស្បើយចំនួន១៧៨នាក់ មានករណីស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមស្រុកនានានិងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន៣០៣នាក់ ។  

លោក អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ សូមទៅធ្វើតេស្តជាបន្ទាន់ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលទៅក្នុងសហគមន៍ផ្សេងទៀត និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសុខាភិបាល ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍បីកុំ បីការពារ ដើម្បីឈ្នះជំងឺកូវីដ១៩ ៕

ដោយ៖ ឡាច សុគន្ធាវី