ព័ត៌មានជាតិ

កម្ពុជា ស្នើភាគីបារាំង ពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត

image

ភ្នំពេញ៖ កម្ពុជា បានស្នើឲ្យភាគីបារាំង ពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែម និងបន្តបន្ទាប់ទៀត។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា បេសកកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាទស្សន:វិស័យរបស់ក្រសួង ត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជនត្រូវមានទឹកស្អាតប្រើប្រាស់ និងឆ្នាំ២០៣០ ប្រជាជននឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណប្រទេសបារាំង តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាត ក្នុងគម្រោងធំៗជាច្រើន ជាក់ស្តែង ដូចជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ ដែលទើបសម្ពោធបើកការដ្ឋានថ្មីៗនេះ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យភាគីបារាំង ចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលានៃតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡាដី កាន់តែរីកធំឡើង ។ 

ជាការឆ្លើយតប លោកស្រី Eva Nguyen Binh បានបញ្ជាក់ថា វិស័យទឹកស្អាតជាវិស័យដ៏មានសារ:សំខាន់សម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះប្រទេសបារាំង មានការយកចិត្តទុកដាក់លើវិស័យនេះ ហើយច្បាស់ណាស់ ការអភិវឌ្ឍគម្រោងទឹកស្អាតរបស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ ។ 

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានលើកឡើងពីផលប៉ះពាល់ជាសាកលផែ្នកសេដ្ឋកិច្ច ក៏ដូចជាហិរញ្ញវត្ថុ ពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ។ ក្នុងនោះលោកស្រី ឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស។ ជាមួយគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានផ្តល់សារ:សំខាន់ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាបេសកកម្មថ្មីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ផងដែរ៕