ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី​ បន្តរកឃើញអ្នកកើតជំងឺកូវីដ ម្នាក់បន្ថែមទៀត ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ

image

អត្ថបទ៖ ប៉េស សារី​

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩នេះ មានឈ្មោះ តុប វណ្ណណេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃសំពៅ ឃុំប្រសិទ្ធិ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បុគ្គលខាងលើចេញ ពីស្រុកកំណើតមកស្នាក់នៅផ្ទះថៅកែផ្សាដែកយីហោ ជាងលាប នៅម្តុំបែកចានរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរីតាមរថយន្តម៉ាក Ford ផ្លាកលេខភ្នំពេញ 2AV-4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យសង្ស័យ ធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។ ដោយឡែកអ្នករួមដំណើរ ១០នាក់ទៀតអវិជ្ជមាន។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់នឹងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ,៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថានេះជាករណីទី ២៥ ហើយដែលកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរបស់រដ្ឋបាលខេត្តរតនគិរីប្រចាំការនៅចំណុចគោលដៅគល់ស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែងធ្វើតេស្តរហ័សរកលទ្ធផលឃើញមានវិជ្ជមានកូវីដ១៩ដែលជាករណីនាំចូលមកពីខេត្តផ្សេងៗ៕