ព័ត៌មានជាតិ

កម្ពុជា ស្នើសុំបទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីតាមដានការបើកបរលើដងផ្លូវ

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំអនុសាសន៍ និងការចែករំលែកព័ត៌មានពីវេទិកាដឹកជញ្ជូនអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីតាមដានស្ថានភាពយានយន្ត ដែលកំពុងបើកបរលើដងផ្លូវ។

ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយនឹងលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) តាមប្រព័ន្ធវីដេអូពីចម្ងាយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្នេះមានប្រព័ន្ធ GPS ច្រើន តែមិនដឹងថា ប្រព័ន្ធណាមួយល្អអាចទទួលយកបានសម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាន ដើម្បីយកបញ្ហានេះ ទៅសិក្សាស្វែងយល់ និងពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន សំដៅអនុម័តយកបទដ្ឋានរួមមួយសម្រាប់ប្រើប្រាស់ទាំងអស់គ្នា។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាសុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះ មានមនុស្សចំនួនពី៤ ទៅ ៥នាក់ គិតជាមធ្យម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដោយក្នុងនោះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៣០០លានដុល្លារ ក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ និងបានសម្ដែងបំណងចង់ធ្វើការ យ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាព។ 

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបន្តថា កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹកជញ្ជូនអន្តរជាតិ  ទាក់ទងនឹងគោលនយោបាយ យុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជា សព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី(Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ។

ក្នុងជំនួបនោះ លោក Young Tae Kim បានបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងទៅនេះ វេទិកាដឹកជញ្ជូនអន្តរជាតិ ទទួលបានសមាជិកថ្មីមួយចំនួនថែមទៀត និងបានសម្តែងនូវការស្វាគមន៍ចំពោះទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេស កម្ពុជា ដែលមានបំណងចង់ចូលជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ តាមរយៈ អង្គការ UNSCAP និងធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ានផងដែរ៕