ព័ត៌មានជាតិ

ក្រសួងកសិកម្ម ប្រកាសដាក់ឱ្យដេញថ្លៃឈើអាកាស្យាជាង ១១៦,៣ហិកតា នៅខេត្តក្រចេះ

image

ក្រចេះ៖ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈ សម្រាប់ការលក់ឈើអាកាស្យាលើផ្ទៃដីចំនួន ១១៦,៣ហិកតា ដែលមានតម្លៃមូលដ្ឋានមានទឹកប្រាក់ចំនួន ៣៣១ ៩៣២ ០៤៣៛០០ (បីរយសាមសិបមួយលានប្រាំបួនរយសាមសិបពីរពាន់សែសិបបីរៀលគត់)ឡើងទៅ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលបានដាំដុះដោយក្រុមហ៊ុន ស៊ីងបាយ អូថេក (ខេមបូឌា) ខូ អិល ធីឌី សហការជាមួយរដ្ឋបាលព្រៃឈើ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅនាយកដ្ឋានរដ្ឋបាលផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋបាលព្រៃឈើ ដែលមានអាសយដ្ឋានលេខ៤០ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនរដ្ឋបាលព្រៃឈើ (នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ចំពោះការបើកសំណើរដេញថ្លៃនឹងប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអាសយដ្ឋានលេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ៩:០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១៕