ព័ត៌មានជាតិ

កំពុងភ្ជួរដីចម្ការ ស្រាប់តែប្រទះឃើញវត្ថុសិល្បៈបុរាណ ១៧ដុំ នៅក្បែរប្រាសាទតាស្រី ក្នុងស្រុកស្វាយចេក 

image

បន្ទាយមានជ័យ៖ ពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញវត្ថុសិល្បៈបុរាណ ចំនួន ១៧ដុំ ខណៈដែលពួកគាត់កំពុងធ្វើការភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល ខាងលិចឈាងខាងជើងភូមិតាអុងលិច ក្បែរប្រាសាទតាស្រី។ 

ក្រោយពីបានប្រទះឃើញវត្ថុសិល្បៈបុរាណនេះ ពលរដ្ឋ ក៏បានធ្វើការប្រគល់ជូនអាជ្ញាធរ ហើយអាជ្ញាធរ បានធ្វើការប្រគល់ជូនបន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងចុះបញ្ជី រក្សាទុកនៅសារៈមន្ទីរសហគមន៍ នាស្រុកស្វាយចេកនោះតែម្តង ។

បើតាមលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ពលរដ្ឋខាងលើ បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូង ក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន។ បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ  ហើយក៏ភ្ញាក់ផ្អើលឡើងដល់កសិករ និងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ពោលគឺដើម្បីកុំឱ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ) ។

អាជ្ញាធរ បានថ្លែងអំណរគុណពលរដ្ឋ ដែលបានរកឃើញ និងប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ ដើម្បីរក្សាទុកមិនឱ្យបាត់បង់ ដែលនេះជាស្មារតីស្នេហាមរតកវប្បធម៌ បេតិកភណ្ឌ សិល្បៈ និងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា រហូតមក់ទល់ពេលនេះសារៈមន្ទីរស្វាយចេក ទទួលបានវត្ថុសិល្បៈបុរាណពីពលរដ្ឋ សមត្ថកិច្ច និងមុខសញ្ញាផ្សេងទៀត យកមកដាក់តាំងមានចំនួន ៥២៦ដុំ /រូប /បន្ទះ រួចមកហើយ៕