ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិកជួយសង្គ្រោះជនចំណាកស្រុកប្រហែល២០០នាក់ពីក្រុមជួញដូរមនុស្សនៅក្បែរតំបន់ព្រំដែន

image

ម៉ិកស៊ីកូ៖ ប្រតិបត្តិការចំនួន២របស់អាជ្ញាធរម៉ិកស៊ិកបានជួយសង្គ្រោះជនចំណាកស្រុកចំនួន២០៦នាក់ដែលត្រូវបានឃុំឃាំងដោយក្រុមជួញដូរមនុស្សនៅក្នុងទីក្រុងព្រំដែន ស៊ីអូដាដ វ៉ារេស (Ciudad Juarez) កាលពីថ្ងៃព្រហស្បត៍។

ជនចំណាកស្រុកទាំងនោះមកពីប្រទេសប្រេស៊ីល, អេលសាវ៉ាឌ័រ, ហុងឌូរ៉ាស់, ក្វាតេម៉ាឡា និងម៉ិកស៊ិក។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរក្នុងតំបន់បានរៀបរាប់ឲ្យដឹងថា «ពួកគេត្រូវបានឃុំទុកនៅក្នុងបន្ទប់ឈើយ៉ាងតូចចង្អៀតមួយដែលមិនសាកសមនឹងមនុស្សរស់នៅ។»

ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទៅកាន់ប្រទេសម៉ិកស៊ិកដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍។ 

លោកស្រី ហារីស បានព្រមព្រៀងគ្នាជាមួយម៉ិកស៊ិកដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់អាមេរិកកណ្តាលនិងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ព្រមទាំងអំពាវនាវឲ្យប្រទេសក្វាតេម៉ាឡាបង្ក្រាបអំពើពុករលួយផងដែរ។

គួរបញ្ជាក់ថា ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីសហរដ្ឋអាមេរិកបានកើនឡើងបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឡើងកាន់តំណែងកាលពីខែមករាមកដោយធ្វើឲ្យអាមេរិកត្រូវពឹងម៉ិកស៊ិកជួយសាជាថ្មីដើម្បីកាត់បន្ថយលំហូរនេះ៕