ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចក្រុមប្រទេស G20 វិលទៅរកកម្រិតមុនពេលមានវិបត្តិកូវីដ-១៩នៅក្នុងត្រីមាសទី១នេះ

image

ប៉ារីស៖ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបនៅក្នុងក្រុមប្រទេស G20 បានវិលទៅរកកម្រិតមុនពេលមានវិបត្តិកូវីដ-១៩នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១រួមជាមួយកំណើន៣.៤%បើធៀបនឹងឆ្នាំមុន។

បើធៀបទៅនឹងត្រីមាសទី៤ក្នុងឆ្នាំមុន សេដ្ឋកិច្ចរបស់ក្រុមប្រទេស G20 បានកើនឡើង០.៨%ចាប់ពីខែមករា ដល់ខែមីនា។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនិងនិន្នាការកំណើននៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៅតែមានភាពខុសគ្នាខ្លាំង។

ទិន្នន័យរបស់អង្គការ OECD បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន, តួកគី និងឥណ្ឌាបានបន្តងើបឡើងនៅក្នុងត្រីមាសទី១ឆ្នាំនេះ ហើយផលិតផលក្នុងស្រុកសរុបរបស់គេបានកើនលើសកម្រិតមុនពេលមានវិបត្តិកូវីដ-១៩តាំងពីត្រីមាសមុន។

ផលិតផលក្នុងស្រុកសរុបរបស់ប្រេស៊ីល, កូរ៉េខាងត្បូង និងអូស្ត្រាលីក៏បានវិលទៅរកកម្រិតមុនពេលមានវិបត្តិកូវីដ-១៩ផងដែរចាប់ពីខែមករា ដល់ខែមីនា។

ប៉ុន្តែសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាសមាជិកផ្សេងទៀតនៅកំពុងស្ថិតក្រោមកម្រិតមុនពេលមានវិបត្តិកូវីដ-១៩នៅឡើយដែលក្នុងនោះអង់គ្លេសមានកំណើនអវិជ្ជមានគឺ -៨.៧% និងអ៊ីតាលី -៦.៤% បើធៀបទៅនឹងកម្រិតផលិតផលក្នុងស្រុកសរុបរបស់គេនៅមុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

លើសពីនេះទៀត ជប៉ុន អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប ក៏មានកំណើនអវិជ្ជមានផងដែរបើធៀបជាមួយត្រីមាសមុន។

ជារួម ចិនមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតដល់១៣.៨%នៅក្នុងត្រីមាសទី១នេះបើធៀបទៅនឹងឆ្នាំមុន ខណៈដែលអង់គ្លេសបានមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងដល់៦.១% នេះបើយោងតាមរបាយការណ៍របស់អង្គការ OECD ៕