ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងប្រកាសបញ្ចប់ប្រតិបត្តិការយោធានៅតំបន់សាហេល

image

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការរបស់យោធាបារាំងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅតំបន់សាហេល (Sahel) ក្នុងទ្វីបអាហ្វ្រិកនឹងត្រូវបញ្ចប់។

បារាំងបានសាទរចំពោះជោគជ័យមួយចំនួនក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅតំបន់សាហេលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែស្ថានភាពនៅកំពុងស្ថិតក្នុងភាពផុយស្រួយនៅឡើយ ហើយបារាំងមានការខកចិត្តដោយរកមិនឃើញចំណុចបញ្ចប់នៃប្រតិបត្តិការរបស់ខ្លួននិងភាពវឹកវរផ្នែកនយោបាយជាពិសេសនៅក្នុងប្រទេសម៉ាលី។

លោក ម៉ាក្រុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «វាដល់ពេលហើយក្នុងការកាត់បន្ថយវត្តមានយោធារបស់យើងនៅក្នុងតំបន់សាហេល។» 

បារាំងមានកងទ័ពចំនួន៥,១០០នាក់នៅក្នុងតំបន់សាហេល (Sahel) ដែលជាខ្សែបន្ទាត់ជួរមុខនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។

សេចក្តីសម្រេចនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការម៉ាលី លោក អាស៊ីមី ហ្គោតា (Assimi Goita) បានឡើងកាន់តំណែងបន្ទាប់ពីគាត់បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីទី២ក្នុងរយៈពេល៩ខែ និងមានការរិះគន់តែខ្លាំងអំពីការចរចារវាងរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ធ។

លោក ម៉ាក្រុង ក៏បានផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិរួមគ្នារវាងកងទ័ពបារាំងនិងកងទ័ពម៉ាលីកាលពីថ្ងៃទី០៣ ខែមិថុនាផងដែរ។

ប្រភពចំនួនពីរបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីសម្រេចលើការកាត់បន្ថយចំនួនកងទ័ពបារាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃពុធ៕