ព័ត៌មានអន្តរជាតិ

ចិនថាច្បាប់ប្រឆាំងនឹងទណ្ឌកម្មបរទេស​គឺ​ «ចាំបាច់ណាស់»

image

សាច់រឿង៖

ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍​ បានបញ្ជាក់ថា​ ច្បាប់ថ្មីមួយដែលមានគោលដៅប្រឆាំងនឹងការដាក់ទណ្ឌកម្មពីបរទេសគឺ​ «ចាំបាច់ណាស់»។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន​ លោក​ វ៉ាង​ វេនពីន​ (Wang Wenbin) បាននិយាយថា «យើងគិតថាវាចាំបាច់សម្រាប់ប្រទេសចិនក្នុងការធ្វើសេចក្តីព្រាងច្បាប់មួយដែលមានគោលដៅជាពិសេសប្រឆាំងនឹងទណ្ឌកម្មរបស់បរទេសដើម្បីផ្តល់ការធានា​ និងការគាំទ្រផ្នែកច្បាប់សម្រាប់ប្រទេសចិនក្នុងកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងវិធានការរើសអើងពីមហាអំណាចបរទេស»។ 

លោក​ វ៉ាង​ បាននិយាយបន្ថែមទៀតថា​ «ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យជាតិ,​ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូល និងដេីម្បីប្រឆាំងនឹងអនុត្តរភាពនិយម​ និងនយោបាយស្វែងរកអំណាចរបស់លោកខាងលិចនោះ​ រដ្ឋាភិបាលចិនបានចាប់ផ្តើមដាក់ចេញវិធានការឆ្លើយតបជាច្រើនដែលប្រឆាំងនឹងអង្គភាព​ និងបុគ្គលនៃប្រទេសពាក់ព័ន្ធ»។ 

ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មពីបរទេសបានទទួលការពិនិត្យដោយសម្ងាត់ជាលើកដំបូងកាលពីខែមេសា​ ហើយត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនដែលជាអង្គនីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការត្រួតពិនិត្យជាលើកទី២។

រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មទៅលើអង្គភាពចិនជាច្រើនដូចជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ Huawei និង ZTE ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ​ និងបានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង​ និងច្បាប់សន្តិសុខជាតិថ្មីដែលបានដាក់លេីក្រុងហុងកុងកាលពីឆ្នាំមុន៕