ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិ ប្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តរតនគិរីទាំងអស់ឲ្យចេះស្រ លាញ់ព្រៃឈើ

image

រតនគិរី: ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងកងកម្លាំងក្នុងខេត្តរតនគិរីទាំងមូល ឲ្យចេះស្រលាញ់ព្រៃឈើ និង ជួយដាំកូនឈើឡើងវិញវិញ បន្ទាប់ពីមានការបាត់បង់កន្លងមក។

ពីព្រោះព្រៃឈើមានតម្លៃធំធេងសម្រាប់មនុស្សជាតិ ជាសសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពកំណើនសេដ្ឋកិច្ច។
ដូច្នេះយើងត្រូវរួមគ្នា ថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ នាំគ្នាជួយដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំពាវនាវបែបនេះក្នុងឱកាសអញ្ចើញចុះដាំកូនឈើប្រមាណ១៥០ដើម មានប្រភេទកូនឈើត្របែកព្រៃ បេង នាងនួន ឈើទាល កកោះ ក្រញូង ក្នុងបរិវេណសាលាបឋមសិក្សាសហការ ស្ថិតភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងបន្ដរទៀតថា រាប់រយពាន់ឆ្នាំទៅមុខទៀត យើងនៅតែរស់រានមានជីវិតត្រូវមានដើមឈើ មានធម្មជាតិ មានស្ទឹង មានទឹក មានបឹង ។
ដូច្នេះយើងមិនត្រូវបំផ្លាញក្នុងជំនាន់របស់យើងឲ្យអស់នោះទេ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា ដើមឈើមានសារៈសំខាន់ណាស់សម្រាប់អាយុជីវិតរបស់យើងដោយជួយហៅទឹកភ្លៀង ជាពិសេសជួយការពារនូវគ្រោះធម្មជាតិ ការពារខ្យល់ព្យុះ និងកាត់បន្ថយនូវល្បឿនទឹកជំនន់ ។

លោក ជា វន ប្រធានការិយាល័យអប់រំយុវជននិងកីឡា ស្រុកលំផាត់ បានថ្លែងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធសូមចូលរួមថែក្សាឲ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយៗទៀត ។

រីឯលោកគ្រូ វាំង សុឆើត ជាគ្រូបង្រៀនថ្នាក់ទី៤ ផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស នៃសាលាបឋមសិក្សាសហកា បានប្ដេជ្ញាចិត្តថែរក្យាកូនឈើទាំងអស់នេះអោយបានល្អ ព្រមសព្វផ្សាយដល់សិស្សនុសិស្សទាំងអស់ឲ្យចូលរួមថែក្សា ដើម្បីបន្សល់ទុកជាកេរ្ដិ៍មរតកដល់ក្មេងៗជំនាន់ក្រោយបានស្គាល់ ៕ (ប៉េស សារី)