ព័ត៌មានជាតិ

ជ្រូកកណ្តុរ ដែលជាការចិញ្ចឹមបែបធម្មជាតិ របស់ជនជាតិដើមភាគតិច កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកទទួលទាន 

image

  ភ្នំពេញ ៖ សត្វជ្រូកកណ្តុរ គឺជាជ្រូកមួយប្រភេទ ដែលគេឃើញមាននៅក្នុងខេត្តមណ្ឌលគិរី ដោយភាគច្រើនមានដើមកំណើត ចេញពីការចិញ្ចឹមរបស់ជនជាតិដើមភាគតិច។ នេះបើតាមសម្តី លោក អ៊ីង ឪរ៉ុម ម្ចាស់ផ្សារស្រុកស្រែ មានទីតាំងនៅបូរីពិភពថ្មីចំការដូង រាជធានីភ្នំពេញ ដែលជាអ្នកទទួលទិញជ្រូកកណ្តុរ ពីជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី មកលក់នៅរាជធានីភ្នំពេញ។

  លោកបន្ថែមថា ដំបូងឡើយជ្រូកប្រភេទនេះ​ មិនសូវមានលក់នៅលើទីផ្សារនោះទេ ភាគច្រើនជនជាតិដើមភាគតិច បានចិញ្ចឹមវា ដើម្បីធ្វើជាម្ហូបសម្រាប់សែនជាលក្ខណៈប្រពៃណី ដូចជា ពិធីសែនស្រូវ និងពិធីសែនបុណ្យក្នុងភូមិជាដើម។ ប៉ុន្តែបច្ចុប្បន្ន មានការចាប់អារម្មណ៍ទទួលទានខ្លាំង ពីសំណាក់អតិថិជន ជាពិសេសនៅរាជធានីភ្នំពេញ ដោយសារសាច់របស់វា មានរសជាតិឆ្ងាញ់ជាង ជ្រូកខ្មែរដែលលក់លើទីផ្សារ។

  លោកម្ចាស់ផ្សារស្រុកស្រែ លើកឡើងដែរថា ការប្រមូលទិញជ្រូកកណ្តុរនេះ លោកបានធ្វើឡើងអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយដំបូងឡើយ ប្រមូលទិញពីសហគមន៍ ហើយបញ្ជូនមកលក់នៅរាជធានីភ្នំពេញតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្សារបានប្រមូលទិញហើយ គឺមានកសិដ្ឋានបំប៉នបែបធម្មជាតិ ពោលគឺដូចទៅនឹងការចិញ្ចឹម របស់ជនជាតិដើមភាគតិចដែរ ដើម្បីឲ្យវាលូតលាស់ធំល្អគ្រប់គីឡូ ទើបបញ្ជូនមកលក់នៅរាជធានីភ្នំពេញ។ ដោយកសិដ្ឋាននោះ មានទីតាំងនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានទំហំជិត៦ហិកតា។

  លោកបញ្ជាក់ថា គោលបំណងសំខាន់បំផុត នៃការប្រមូលទិញជ្រូកកណ្តុរនេះ គឺចង់ឲ្យសហគមន៍ជនជាតិដើមភាគតិច មានប្រាក់ចំណូលតាមរយៈការចិញ្ចឹម និងមួយវិញទៀត គឺចង់ជម្រុញឲ្យមានការចិញ្ចឹមឡើងវិញ នៅក្នុងសហគមន៍។ ការចិញ្ចឹមនៅទីនេះ គឺធានាថា ជាជ្រូកកណ្តុរពិតប្រាកដនៅខេត្តមណ្ឌលគិរី ដោយឡែកជ្រូកដែលមិនមានប្រភពពិតប្រាកដ គឺមិនទិញយកមកចិញ្ចឹមលើទីតាំងនេះនោះទេ ហើយកសិដ្ឋាននោះ ត្រូវបានរៀបចំឲ្យមានប្រហាក់ប្រហែលទៅនឹងក្នុងភូមិ ហើយចំណីដែលប្រើប្រាស់ក្នុងកសិដ្ឋាន គឺប្រមូលមកពីក្នុងភូមិ មានដូចជាដើមចេកព្រៃបុកលាយជាមួយនឹងបាយ ដាក់ឲ្យវាស៊ីជាប្រចាំថ្ងៃ។

  លោក អ៊ីង ឪរ៉ុម លើកឡើងដែរថា ការចិញ្ចឹមជ្រូកកណ្តុរនេះ មានផលលំបាកច្រើនដែរ ទី១.គឺមិនសូវសម្បូរនោះទេ នូវជ្រូកប្រភេទនេះ នៅក្នុងសហគមន៍ ដោយសារមានជំងឺ ធ្វើឲ្យវាងាប់។ មួយទៀតនោះ គឺមុននឹងដាក់លក់នៅលើទីផ្សារ ត្រូវបំប៉នវាឲ្យធំត្រូវទៅតាមទីផ្សារ ដែលត្រូវចំណាយរយៈពេលយូរ ធ្វើឲ្យចំណាយដើមទុនច្រើន។

  សូមជម្រាបថា តម្លៃសាច់ជ្រូកកណ្តុរកាប់សាច់ នៅផ្សារស្រុកស្រែ មានតម្លៃចម្លោះពី៣៥.០០០រៀល ទៅ៤៥.០០០រៀល ក្នុងមួយគីឡូក្រាម តាមផ្នែកនៃសាច់ ខណៈជ្រូកកណ្តុរខ្វៃមូល ដែលមានទម្ងន់ចម្លោះពី៥ទៅក្រោម១០គីឡូក្រាម មានតម្លៃចម្លោះពី២០០ទៅ២៥០ដុល្លារក្នុងមួយក្បាល ដោយឡែកទម្ងន់ចម្លោះពី១០ទៅ១៥គីឡូក្រាម តម្លៃចម្លោះពី៣០០ទៅ៣៥០ដុល្លារ ក្នុងមួយក្បាល៕

  ដោយ ៖ សន ពិសិដ្ឋ