ព័ត៌មានជាតិ

អភិបាលរងខេត្តបាត់ដំបង ណែនាំអាជ្ញាធរដែនដីនៅតំបន់ព្រំដែនខេត្តបាត់ដំបង ត្រូវបន្តសកម្មភាពចូលរួមទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសជិតខាង 

image

បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ  នៅក្នុងពេលដែលលោកនិងសហការរីបានចុះពិនិត្យតាមដានមណ្ឌលចត្តាឡីស័ក នៅតាមខ្សែបន្ទាប់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង បានធ្វើការណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅតំបន់ព្រំដែននៃខេត្តបាត់ដំបង ត្រូវបន្តសកម្មភាពចូលរួមទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ស្របពេលដែលប្រទេសថៃកំពុងតែមានការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍នានាក្នុងប្រទេសនោះ ការចល័តទីរបស់ប្រជាពលករខ្មែរក៏មានសកម្មភាពវិលមកស្រុកកំណើតវិញជាបន្តបន្ទាប់ផងដែរ ដែលអាចចម្លងជំងឺកូវីដ១៩មកក្នុងប្រទេស ។  លោកបានជំរុញដល់មន្ត្រីកងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការនាំជំងឺឆ្លងចូលមកទឹកដីប្រទេសកម្ពុជា បើទោះបីជាស្ថានភាពនៃការឆ្លងដែនចូលមកប្រទេសវិញរបស់ពលករមានការថយចុះយ៉ាងណាក៏ដោយ តែការងារទប់ស្កាត់ជំងឺសកលមួយនេះមិនអាចមើលរំលងបាននោះឡើយ ។

លោក អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកថា ការទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩ពីប្រទេសជិតខាងបាន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងបាននូវភាពភ័យព្រួយពីសំណាក់ប្រជាពលរដ្ឋអំពីការឆ្លងជំងឺក្នុងសហគមន៍ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍នានាក្នុងរាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា ។

អភិបាលស្រុកកំរៀង លោក សុខ គឹមខុន បានបញ្ជាក់ថា ពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមព្រំដែននៃខេត្តបាត់ដំបង ពិសេសស្រុកកំរៀង ភាគច្រើនជាពលករដឹកមកពីច្រកពំ្រដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកព្រំដែនអូរស្មាច់នៃខេត្តឧត្តរមានជ័យ ។

បន្ទាប់មកលោក សឿម ប៊ុនរិទ្ធិ និងសហការី បានដឹកនាំយកសង្ក័សីចំនួន៤០០សន្លឹក របស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទៅផ្តល់ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ ដែលកំពុងឈរជើងនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង សម្រាប់ធ្វើផ្ទះជូនកងកម្លាំងដែលឈរលើបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងការពង្រឹងដល់វិស័យការពារជាតិ ក៏ដូចជាកិច្ចការពារបូរណភាពទឹកដី និងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ   ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ខិតខំក្នុងការចូលរួម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលអាចហូរចូលតាមរយៈពលករខ្មែរមកពីប្រទេសថៃផងដែរ ៕

ដោយ៖ ឡាច សុគន្ធាវី