ពលរដ្ឋចំនួន២៨៥គ្រួសារទៀត រស់នៅតំបន់ក្រហម បានទទួលជំនួយស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងជំងឺកូវីដ-១៩ កំពុងត្រូវការជំនួយ និងស្បៀងអាហារ។
នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋតាមបន្ទប់ជួល សរុបចំនួន ២៨៥គ្រួសារ នៅភូមិឬស្សីទី៣ ចំនួន១៥០គ្រួសារ និងភូមិឬស្សី ចំនួន ១៣៥គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយៈពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ។ ម្យ៉ាងទៀតពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ចាប់ខ្ចួន ផងដែរ៕
ដោយ៖ ឌីយ៉ាម៉ង់
