ព័ត៌មានជាតិ

មនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់ ស្រាល ដោយក្រឡាប់រថយន្តជាច្រើនត្រឡប់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង 

image

បាត់ដំបង៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកចុះពីចំណោតភ្នំ ជាន់ហ្វាំងមិនជាប់ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យរបួសធ្ងន់ និងស្រាល៥នាក់ ។  ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រង់កំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។  

លោក ផាន់ ស្រស់ នាយប៉ុស្តិ៍រដ្ឋបាលអូររំដួល បានអោយដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ញ ០៤៤៧ ភព៣ បានធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោង និងចុះចំណោតភ្នំ នៃភ្នំព្រឹកផងនោះក៏ច្រឡោតជម្រុលទៅមុខលឿនហើយអ្នកបើកបរបានជាន់ហ្វ្រាំងដែរតែមិនជាប់ ស្រាប់តែក្រឡាប់ជាច្រើនត្រឡប់បណ្តាលមនុស្សចំនួន៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

មន្រ្តីមូលដ្ឋានប៉ុស្តិ៍អូររំដួល បានឱ្យដឹងទៀតថា ផ្លូវនៅចំណុចនេះស្ថិតក្នុងជម្រេលភ្នំនៃភ្នំព្រឹកដែលមានចំណោតខ្លាំង ។  

លោកបានឱ្យដឹងថា អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយនោះមានឈ្មោះ សួ ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល ចំណែកអ្នករួមដំណើរចំនួន៤នាក់ផ្សេងទៀតមានឈ្មោះ រ៉ាត ភេទប្រុស អាយុប្រហែល៤០ឆ្នាំ របួសធ្ងន់  ឈ្មោះ ឡា ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ ឈ្មោះ បឿត សាវង្ស ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់ និងឈ្មោះ ព្រាម ត្រប់ ភេទប្រុស អាយុ៣៣ឆ្នាំ របួសស្រាល ជនរងគ្រោះទាំងអស់គ្នា រស់នៅភូមិកោ ឃុំត្របាត ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះជួយដល់ជនរងគ្រោះទាំងប្រាំនាក់ ដើម្បីដឹកយកទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

ដោយ៖ ឡាច សុគន្ធាវី