ព័ត៌មានជាតិ

រកឃើញវិជ្ជមានកូវីដ-១៩លើស្ត្រីពីរនាក់ម្តាយ និងកូន នៅស្រុកកំពង់ត្រាច ខេត្តកំពត

image

កំពត៖ រដ្ឋបាលខេត្តកំពត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្រ្តីជាម្តាយ និងកូនស្រី ព្រមទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ទៀត នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងពីរនាក់ រួមមាន ឈ្មោះ ឯម បូផា អាយុ ៥៣ឆ្នាំ(ម្តាយ), និងឈ្មោះ ប៉ាត ចរិយា អាយុ ២៧ឆ្នាំ(កូនបង្កើត)។ ទាំងពីរនាក់ម្តាយ និងកូនស្រីរស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត។

យោងតាមរបាយការណ៍របស់ក្រុមឆ្លើយតបបន្ទាន់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ឯម បូផា មានអាការៈឈឺក្បាល អស់កម្លាំងរហូតអាជ្ញាធរបានដឹងនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់ក៏បាននាំបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកកំពង់ត្រាច បន្ទាប់ពីធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩។ បន្ថែមលើនោះ ការយកសំណាកបញ្ជាក់ដែលបញ្ជូនបន្តទៅរាជធានីភ្នំពេញ បានចេញលទ្ធផលវិជ្ជមាននាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តែម្តង។ អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រី ឯម បូផា មាន៨នាក់ រួមទាំងក្រុមគ្រូពេទ្យខេត្តកំពតមួយចំនួន ខណៈពេលគាត់នាំប្តីទៅព្យាបាលហើយប្តីបានស្លាប់កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ 

ដោយឡែកអ្នកប៉ះពាល់ដោយប្រយោល មាន២០នាក់។ ចំណែកស្ត្រីឈ្មោះ ប៉ាត ចរិយា ដែលវិជ្ជមានមេរោគកូវីដ-១៩នោះ ព្រោះតែបានប៉ះពាល់ផ្ទាល់ជាមួយម្តាយឈ្មោះ ឯម បូផា ហើយអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រី ប៉ាត ចរិយា ចំនួន ៨នាក់ ដោយបានយកសំណាករួចរាល់ និងប៉ះពាល់ប្រយោល ១៥នាក់ ត្រូវបានធ្វើចត្តាឡីស័ក។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលចំពោះបុគ្គលទាំងពីរនាក់ខាងលើ ត្រូវធ្វើការទំនាក់ទំនងដើម្បីយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពតជាបន្ទាន់៕

អត្ថបទ៖ វង្ស សុធារម្យ