ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ឬដាក់ចេញវិធានការរឹតត្បិត ឬហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា និងសកម្មភាពការងារ ឬអាជីវកម្មផ្សេងទៀត ដោយរួមទាំងការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

ជាមួយគ្នានេះ សម្តេចបន្ថែមថា គណៈអភិបាលរាជធានី ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ)ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់,ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារបរិក្ខាវេជ្ជសាស្រ្តផ្សេងទៀត, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។

នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី ០៤ ឧសភា ២០២១នេះ៕