ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភ​ប្អូនថ្លៃ 

image

អត្ថបទ៖ ប៊ុត សុភ័ក្រ

មណ្ឌលគិរី៖ កម្លាំងកងរាជអាវុធខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្រោយ​ធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវជាប្អូនថ្លៃ។ 

ប្រតិបត្តិការនេះធ្វើនៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១ចំណុចកែងដើមសុក្រំ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 

លោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកែវសីមាបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ស្លេះ គ្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនខាងលើជាប់ពាក់ព័ន្ធករណីរំលោភប្អូនថ្លៃខ្លួនឯងបានសម្រេច។ 

ជនរងគ្រោះឈ្មោះ ស.រ យ.ទ. ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។ 

បច្ចុប្បន្ន ជនសង្ស័យនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ មណ្ឌលគិរី 1A-0236 ស៊េរីឆ្នាំ២០០៧ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅបន្ទាយអាវុធហត្ថនិងនាំខ្លួនជនសង្ស័យទៅសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី៕