ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ណែនាំមន្ត្រីជំនាញពិនិត្យមើលប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងនិងមិនអនុញ្ញាត​លួចបង្ហូរកាកសំណល់ចូល

image

អត្ថបទ៖ ប៊ុត សុភ័ក្រ

មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឱ្យមន្ត្រីជំនាញពិនិត្យមើល និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋបង្ហូរកាកសំណល់ ឬទឹកកង្វក់ចូលទៅក្នុងប្រ័ពន្ធលូនោះទេ ដែលនេះជាកត្តាមួយធ្វើឱ្យលូមានការកកស្ទះ។ 

លោកអភិបាលខេត្តមណ្ឌលគិរី បានបន្ដថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរាបរយ ហើយធ្វើយ៉ាងណាឱ្យក្រុងសែនមនោរម្យមានសោភណភាពល្អ សម្រាប់ទាក់ទាញអ្នកទេសចរនៅពេលខាងមុខ។

ការថ្លែងនេះរបស់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋានស្ដារប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងសែនមនោរម្យដែលកំពុងកកស្ទះ ត្រង់ចំណុចរង្វង់មូលគោព្រៃ រហូតដល់ចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា «ការកកស្ទះបានបណ្ដាលឲ្យប្រព័ន្ធលូសាយភាយក្លិនមិនល្អដល់ប្រជាពលរដ្ឋ នៅរដូវប្រាំង។ ចំណែករដូវវស្សានៅពេលទឹកហូរខ្លាំង ទឹកនឹងហៀរចេញមកខាងក្រៅប៉ះពាល់ទៅដល់ផ្នែកផ្សេងៗទៀត»។

លោក ស្វាយ សំអ៊ាង បានថ្លែងទៀតថា ការស្ដារប្រព័ន្ធប្រឡាយបង្ហូរទឹក ជាគម្រោងរបស់មន្ទីរសារធាណការ និងដឹកជញ្ជូន ដោយចាប់ផ្ដើមអនុវត្តកាយដីដែលកំពុងកកស្ទះនៅក្នុងប្រឡាយចេញសម្រួលដល់ផ្លូវទឹកហូរ មិនឲ្យចាល់ហៀរចេញមកខាងក្រៅនៅរដូវរស្សា និងមិនឱ្យមានក្លិនស្អុយសាយភាយមកខាងក្រៅនៅរដូវប្រាំង៕