ព័ត៌មានអន្តរជាតិ

នេប៉ាល់អំពាវនាវរកជំនួយវ៉ាក់សាំងកូវីដ១៩ខណៈដែលការឆ្លងកំពុងកើនឡើង

image

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់កំពុងត្រូវការជាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ចំនួន១.៦លានដូសសម្រាប់ចាក់លើកទីពីរ ខណៈដែលករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសនៅតំបន់ភ្នំហិមាល័យមួយនេះកំពុងកើនឡើង។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនេប៉ាល់បាននិយាយថា «អ្នកដែលបានចាក់វ៉ាក់សាំងលើកទីមួយរួចនឹងប្រឈមនឹងហានិភ័យប្រសិនបើពួកគេមិនបានចាក់ដូសទី២តាមរយៈពេលដែលបានកំណត់។»

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ខាត់ហ្គា ប្រាសាត សាម៉ា អូលី (Khadga Prasad Sharma Oli) បានអំពាវនាវឲ្យម្ចាស់ជំនួយបរទេសផ្តល់វ៉ាក់សាំងកូវីដ១៩និងឱសថផ្សេងទៀតដល់ប្រទេសរបស់លោកដើម្បីកុំឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសដ៏តូចមួយនេះដួលរលំ។

ប្រទេសនេប៉ាល់ដែលស្ថិតនៅចន្លោះប្រទេសចិននិងឥណ្ឌានេះបានចាក់វ៉ាក់សាំងឲ្យពលរដ្ឋជាង២លាននាក់រួចទៅហើយដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ដែលត្រូវបានផ្តល់ដោយឥណ្ឌានិងវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm)។ 

ប៉ុន្តែអាជ្ញាធរត្រូវបានបង្ខំឲ្យផ្អាកកម្មវិធីចាក់វ៉ាក់សាំងនេះកាលពីខែមុនបន្ទាប់ពីនេប៉ាល់មិនបានទទួលវ៉ាក់សាំងបន្ថែមពីចិននិងឥណ្ឌា។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ប្រទេសនេប៉ាល់បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧,៣៨៨នាក់និងមានអ្នកស្លាប់ចំនួន៣៧នាក់ថែមទៀតដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ជាង៣៤៣,០០០នាក់ក្នុងនោះមានអ្នកស្លាប់សរុបជាង៣,៣០០នាក់៕