ព័ត៌មានអន្តរជាតិ

ពលរដ្ឋអេស្ប៉ាញម្នាក់ក្នុងចំណោម៤នាក់បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទីមួយរួច

image

ម៉ាឌ្រីដ៖ អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា មកទល់ពេលនេះពលរដ្ឋអេស្ប៉ាញម្នាក់ក្នុងចំណោម៤នាក់បានចាក់វ៉ាក់សាំងកូវីដ១៩មួយដូស ខណៈដែលប្រទេសនេះកំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់គេ។

ប្រទេសអេស្ប៉ាញបានប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ចំនួន៤ប្រភេទ ហើយមនុស្សជាង១២.១លាននាក់ឬ២៥.៦%នៃពលរដ្ឋសរុប៤៧លាននាក់បានចាក់វ៉ាក់សាំងមួយដូស និងប្រហែល៥លាននាក់ឬ១១%បានចាក់ទាំងពីរលើករួចរាល់។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ ផេដ្រូ សានចេស (Pedro Sanchez) បាននិយាយកាលពីខែមុនថា លោករំពឹងថាពលរដ្ឋ៧០%នឹងទទួលបានការចាក់វ៉ាក់សាំងនៅត្រឹមចុងខែសីហា។

យោងតាមទិន្នន័យក្រសួងសុខាភិបាល អត្រាឆ្លងជំងឺកូវីដ១៩នៅអេស្ប៉ាញក្នុងរយៈពេល២សប្តាហ៍បានធ្លាក់ចុះពី២២៩នាក់ក្នុងចំណោម១០ម៉ឺននាក់កាលពីថ្ងៃសុក្រមកនៅចំនួន២២៣នាក់កាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ថា បច្ចុប្បន្នអេស្ប៉ាញមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង៣.៥លាននាក់ក្នុងនោះមានអ្នកស្លាប់សរុបជាង៧៨,០០០នាក់៕