ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Novavax គ្រោងនឹងចែកចាយវ៉ាក់សាំងកូវីដ១៩ទៅអឺរ៉ុបចាប់ពីចុងឆ្នាំ២០២១

image

វ៉ាស៊ីនតោន៖ មន្ត្រីសហភាពអឺរ៉ុបម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនឱសថ ណូវ៉ាវ៉ាក់ (Novavax) បានប្រាប់សហភាពអឺរ៉ុបថាគេគ្រោងនឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩របស់គេទៅឲ្យប្លុកនេះនៅចុងឆ្នាំនេះ ហើយអាចនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាផ្លូវការនៅដើមសប្តាហ៍នេះ។

មន្ត្រីសហភាពអឺរ៉ុបបានបន្តថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ណូវ៉ាវ៉ាក់ (Novavax) នឹងត្រូវផ្គត់ផ្គង់វ៉ាក់សាំងសរុបរហូតដល់២០០លានដូស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍កាលពីខែមីនាថា ក្រុមហ៊ុន ណូវ៉ាវ៉ាក់ (Novavax) បានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមួយសហភាពអឺរ៉ុបកាលពីខែធ្នូ ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយត្រូវបានពន្យារពេលដោយសារក្រុមហ៊ុនរបស់អាមេរិកមួយនេះជួបបញ្ហាខ្វះវត្ថុធាតុដើមមួយចំនួន។

ក្រុមហ៊ុន ណូវ៉ាវ៉ាក់ (Novavax) បាននិយាយថាការចរចារបស់គេជាមួយសហភាពអឺរ៉ុបកំពុងបន្តធ្វើឡើង ប៉ុន្តែបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីកាលបរិច្ឆេទនៃការដឹកជញ្ជូនឬបញ្ហាក្នុងការផលិតឡើយ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន ណូវ៉ាវ៉ាក់ (Novavax) ស្ថិតក្រោមការវាយតម្លៃដោយទីភ្នាក់ងារឱសថអឺរ៉ុបចាប់តាំងពីខែកុម្ភៈ ខណៈដែលវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសណាមួយនៅឡើយទេ៕