ព័ត៌មានអន្តរជាតិ

អេស្ប៉ាញជួយសង្គ្រោះក្រុមជនចំណាកស្រុក​ ៤២នាក់ពីសមុទ្រ​ ក្នុងនោះមានកូនក្មេង​ ៣នាក់

image

សាច់រឿង៖ឆ្មាំសមុទ្រអេស្ប៉ាញ​ កាលពីថ្ងៃចន្ទ​ បានជួយសង្គ្រោះជនចំណាកស្រុកមួយក្រុមមានចំនួន ៤២នាក់ដែលជាប់នៅលេីទូកមួយគ្រឿងនៅចម្ងាយជាង​ ៤៨គីឡូម៉ែត្រពីកោះ​ ហ្គ្រង់កាណារីយ៉ា​ (Gran Canaria) របស់ប្រទេសអេស្ប៉ាញ។ 

ក្រុមជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនេះក៏មានស្ត្រី​ ១៨នាក់​ និងកូនក្មេង​ ៣នាក់ផងដែរ។ ពួកគេត្រូវបាននាំមកដល់កំពង់ផែដោយមានជំនួយពីឆ្មាំសមុទ្រអេស្ប៉ាញ។

អ្នកខ្លះក្នុងចំណោមពួកគេមានសភាពហេវហត់ខ្លាំង​ ហេីយត្រូវការជំនួយបន្ថែមទេីបអាចទៅដល់ដីគោក។  

បុគ្គលិកសេវាសង្គ្រោះបន្ទាន់របស់អេស្ប៉ាញបានអនុវត្តតាមវិធានការបង្ការការឆ្លងវីរុសកូវីដ-១៩​ ដោយបានវាស់កម្ដៅរាងកាយ​ និងបានផ្តល់ម៉ាស់ឱ្យក្រុមជនចំណាកស្រុកទាំងនេះមុនពេលពួកគេចុះចេញពីនាវា។

គួរកត់សម្គាល់ថា​ ចំនួនជនចំណាកស្រុកដែលបានធ្វេីដំណេីរមកដល់ប្រជុំកោះរបស់អេស្ប៉ាញបានកើនឡើង ៨ដងមកដល់ជាង ២ម៉ឺន៥ពាន់នាក់ក្នុងឆ្នាំនេះ។ 

ផលប៉ះពាល់នៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ ទៅលើវិស័យទេសចរណ៍​ និងឧស្សាហកម្មដទៃទៀតនៅតំបន់ភាគខាងជើង​ និងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកកំពុងជំរុញឲ្យមនុស្សកាន់តែច្រេីនជ្រេីសរេីសយកការធ្វេីដំណេីរប្រកបដោយគ្រោះថ្នាក់ដេីម្បីចូលមកអេស្ប៉ាញ។  

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប្រកាសថា​ មនុស្សរាប់រយនាក់បានស្លាប់​ ឬបាត់ខ្លួនកាលពីឆ្នាំមុនបន្ទាប់ពីប៉ុនប៉ងឆ្លងចូលទៅប្រជុំកោះរបស់អេស្ប៉ាញនៅក្នុងមហាសមុទ្រអាត្លង់ទិកដោយប្រេីប្រាស់ទូកដែលមានម៉ាស៊ីនចាស់ៗ​ និងមានមនុស្សជិះច្រេីនពេញលេីនោះ៕