កីឡា

Champions League ៖ City និង PSG ប្រកួតជើងទី២ យប់នេះ! តើក្រុមអង់គ្លេស នឹងឈ្នះក្រុមបារាំងលើសពីមួយគ្រាប់ឬអត់?

image

អង់គ្លេស៖​ ក្រុមមេឃខៀវ Manchester City បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតជើងទី២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ជាមួយនឹងក្រុមយក្សរបស់បារាំង Paris Saint-Germain នៅឯកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអង្គារ ចូលថ្ងៃពុធនេះ វេលាម៉ោង២៖០០ (ម៉ោងនៅកម្ពុជា)។

ការលេងនៅតង់ទី២ដ៏អស្ចារ្យរបស់ក្រុមកីឡាករក្រោមការដឹកនាំដោយ លោកគ្រូបង្វឹក Pep Guardiola បានឃើញពួកគេឈ្នះក្នុងលទ្ធផលបច្ចេកទេស ២-១ ពីជើងទីមួយកាលពីសប្តាហ៍មុន នៅឯកីឡាដ្ឋាន Parc des Princes ក្នុងអំឡុងពេលដែលបាល់មួយគ្រាប់រកបានដោយការប្រើក្បាលរបស់កីឡាករ Marquinhos ត្រូវបានចាញ់ទៅវិញ ដោយការស៊ុតបញ្ចូលទីពីរគ្រាប់ ពីកីឡាករ Kevin De Bruyne និងកីឡាករ Riyad Mahrez ដែលរកបានម្នាក់មួយគ្រាប់នោះ។

ក្រុមទាំងពីរ បានបង្កើនឱកាសទទួលបានជោគជ័យ ក្នុងលីគកំពូលស្រុកដូចគ្នា នៅចុងសប្តាហ៍នេះ ខណៈ Manchester City បានយកឈ្នះ Crystal Palace ២-០ ខណៈ PSG បានយកជ័យជម្នះ ២-១ លើក្រុម Lens ។

ក្រុមរបស់លោកគ្រូបង្វឹក Pep Guardiola នៅតែត្រូវប្រឹងប្រែងលេងខ្លាំងមែនទែនក្នុងរយៈពេល ៩០ នាទីទៀត ដើម្បីកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Champions League ប៉ុន្តែគួររម្លឹកផងដែរថា ក្លិបអង់គ្លេសដែលបានឈ្នះជើងទីមួយ ចំនួន៤៧លើកពីមុនមកនៃការប្រកួតប្រជែងកម្រិតទ្វីបអឺរ៉ុបនៅក្រៅដី បានឈានទៅវគ្គបន្ទាប់៤៧ដងផងដែរ ដូច្នេះចៀសវាងកំណត់ត្រាដែលមិនចង់បាននោះ (សំដៅលើការចាញ់ទៅវិញ) គឺជាការលើកទឹកចិត្តមួយផ្សេងទៀតសម្រាប់ក្រុមមេឃខៀវដើម្បីបំពេញការងារដ៏លំបាកនេះ។

ទោះយ៉ាងណាក្រុម PSG ក៏បានត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២នេះ ដោយដឹងថា ពួកគេបានឈ្នះការប្រកួតក្រៅដីចំនួន១០ លើកចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដែលរួមមានរាត្រីប្រកួតបាល់ទាត់ជាប្រវត្តិសាស្ត្ររបស់ពួកគេនៅឯកីឡដ្ឋាន Camp Nou និងកីឡដ្ឋាន Allianz Arena ហើយការប្រកួតចំនួន៦ ក្នុងចំណោម៧ប្រកួតចុងក្រោយនៃក្របខណ្ឌ Champions League ដែលបានលេងនៅក្រៅដីរបស់ពួកគេ គឺទទួលបានលទ្ធផលជោគជ័យគួរជាទីរីករាយ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Manchester City ២-២ Paris Saint-Germain ៕