កីឡា

Lionel Messi និង Neymar នឹងទទួលការចាក់វ៉ាក់សាំង Sinovac

image

យោងតាមសហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូង CONMEBOL បានឱ្យដឹងថា កីឡាករ Lionel Messi និង Neymar គឺស្ថិតក្នុងចំណោមកីឡាករអាមេរិកខាងត្បូងរាប់រយនាក់ដែលនឹងទទួលបានវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលផ្តល់ដោយក្រុមហ៊ុនចិន Sinovac Biotech នៅសប្តាហ៍ខាងមុខនេះ។

CONMEBOL បានចាប់ផ្តើមចែកចាយវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដល់សមាគមជាសមាជិករបស់ខ្លួនចំនួន ១០ បន្ទាប់ពីការដឹកជញ្ជូនចំនួន៥ ម៉ឺនដូស បានមកដល់ទីក្រុង Montevideo របស់ប្រទេសអ៊ុយរុយហ្គាយ កាលពីថ្ងៃព្រហស្បតិ៍។

ប្រធានសហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូង CONMEBOL លោក Alejandro Dominguez បាននិយាយនៅលើបណ្តាញសង្គមថា៖ “វ៉ាក់សាំងសម្រាប់បាល់ទាត់អាមេរិកខាងត្បូងបានមកដល់ហើយ។ សូមអរគុណដល់ក្រុមហ៊ុន Sinovac Biotech ។

កីឡាករ Lionel Messi របស់ក្រុម Barcelona និងកីឡាករ Neymar របស់ក្រុម Paris Saint-Germain នឹងស្ថិតក្នុងចំណោមតារាបាល់ទាត់ដែលមានការទាក់ទាញដ៏ច្រើនបំផុតរបស់ការចាក់វ៉ាក់សាំងនេះ។

Lionel Messi ជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងជាអ្នករកគ្រាប់បាល់នាំមុខគេគ្រប់ពេល ដោយរកបាន ៧១គ្រាប់ ក្នុង១៤២ប្រកួត ហើយកំពុងមានបំណងចង់ឈ្នះពានរង្វាន់អន្តរជាតិដ៏ធំលើកដំបូងរបស់ខ្លួន។ គួររម្លឹកផងដែរថា Lionel Messi ធ្លាប់ឈ្នះមេដាយមាសអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ ។

Neymar ធ្លាប់បានឈ្នះមេដាយមាសអូឡាំពិកសម្រាប់ប្រទេសប្រេស៊ីលក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងរីយ៉ូ ២០១៦ តែបានខកខានការឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០១៩ របស់ក្រុមជម្រើសជាតិរបស់ខ្លួននៅលើទឹកដីកំណើតដោយសារបញ្ហារបួសកជើង៕