ព័ត៌មានជាតិ

ក្រុមហ៊ុន LONGMATE AGRICULTURE បោះទុនវិនិយោគ ៣២លានដុល្លារ បង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ

image

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD បង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគចំនួន ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៧២កន្លែង។

ជុំវិញការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD ធ្វើការវិនិយោគទៅលើដំ ណាំដេកនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះវត្តមានក្រុមហ៊ុននេះ។

ឯកឧត្តមបានលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនបង្កើនវិនិយោគលើការដាំដុះចេកអំបូងលឿងឲ្យបានច្រើន ស្របពេលកម្ពុជាមានទីផ្សារនាំចេញស្រាប់ទៅកាន់ទីផ្សារប្រទេសចិន ដែលកំពុងមានតម្រូវខ្ពស់នៅប្រភេទដំណាំនេះ។

កាលពីថ្ងៃទី ២ខែសីហា ឆ្នាំ ២០១៨ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកអំបូងលឿងទៅកាន់ប្រទេសចិន ដែលត្រួសត្រាយផ្លូវសម្រាប់អ្នកវិនិយោគក្នុងការពង្រីកការដាំដុះដំណាំចេកនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនវិនិយោគលើការដាំដុះចេក អំបូងលឿង និងវេចខ្ចប់សម្រាប់នាំចេញ នៅប្រទេសកម្ពុជា មានប្រមាណ ៥ទៅ ៦ក្រុមហ៊ុន ហើយក្រុមហ៊ុនមួយចំនួនបានសាកល្បងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួចទៅហើយ។

ទោះជាយ៉ាងណា ឯកឧត្តមលើកឡើងថា ការនាំចេញចេករបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស មានចំនួនតិចតួចនៅឡើយ ដោយសារបញ្ហាផ្នែកដឹកជញ្ជូន និងការផ្គត់ផ្គង់មិនទាន់មាននិរន្តភាព។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុនដាំដុះចេកទាំងអស់ ត្រូវអនុវត្តន៍តាមភូតគាមអនាម័យ និងស្តង់ដារ ដើម្បីចៀសវាងប៉ះពាល់ដល់ទីផ្សារនាំចេញ ជាពិសេសប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់សម្រាប់ដំណាំប្រភេទនេះ៕
អត្ថបទ៖ សៀម ប៊ុនធី