ព័ត៌មានអន្តរជាតិ

ចិនឲ្យមន្ត្រីជប៉ុនផឹកទឹកកខ្វក់ដែលចេញពីរោងចក្រនុយក្លេអ៊ែរដើម្បីបញ្ជាក់ពីសុវត្ថិភាព

image

ប៉េកាំង៖ ប្រទេសចិនបានបង្កើនការដាក់សម្ពាធជុំវិញផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់កខ្វក់ដែលចេញពីរោងចក្រនុយក្លេអ៊ែរនៅក្នុងខេត្ត ហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិកដោយអំពាវនាវឲ្យក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនផឹកទឹកនោះដើម្បីបញ្ជាក់ថាវាពិតជាមានសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានសរសេរនៅលើគណនីធ្វីតធ័រ (Twitter) កាលពីថ្ងៃព្រហស្បតិ៍ថា «ក្រុមអ្នកនយោបាយជប៉ុនបាននិយាយថាទឹកសំណល់កខ្វក់ដែលត្រូវបានគេយកទៅចម្រោះនិងសម្អាតនោះមិនបង្កគ្រោះថ្នាក់ទេ ចុះហេតុអ្វីបានជាពួកគេមិនយកទឹកនោះទៅផឹក ដាំស្ល និងបោកសំលៀកបំពាក់មុនទៅ??»

នៅពេលដែលត្រូវបានគេសួរនៅថ្ងៃសុក្រនេះអំពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន, រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនលោក តារ៉ូ អាសូ (Taro Aso) បានបដិសេធមិនឆ្លើយ និងបាននិយាយថាកម្រិតនៃការបំពុលរបស់ទឹកចេញពីរោងចក្រនុយក្លេអ៊ែរក្នុងខេត្ត ហ្វូគូស៊ីម៉ា (Fukushima) គឺស្ថិតនៅក្រោមកម្រិតដែលត្រូវបានកំណត់សម្រាប់ទឹកស្អាត។

កាលពីថ្ងៃអង្គារ ប្រទេសជប៉ុនបានអនុម័តផែនការក្នុងការបញ្ចេញទឹកសំណល់កខ្វក់ជាង១លានតោនចេញពីរោងចក្រនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលការប្រកាសនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសចិន, កោះតៃវ៉ាន់, កូរ៉េខាងត្បូង និងកូរ៉េខាងជើង។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ដាយអ៊ីឈី  (Daiichi) ក្នុងខេត្តហ្វូគូស៊ីម៉ា (Fukushima) បានបញ្ចេញទឹកសំណល់កខ្វក់មានជាតិវិទ្យុសកម្មយ៉ាងច្រើនចាប់តាំងពីរងការខូចខាតដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០០៩ដោយសារវាត្រូវការទឹកដើម្បីធ្វើឱ្យរ៉េអាក់ទ័រត្រជាក់។

ទឹកសំណល់ទាំងនេះបច្ចុប្បន្នត្រូវបានស្តុកក្នុងធុងស្តុកទឹកធំៗក្នុងខេត្តនេះ៕

ប្រែសម្រួល៖ នីតា