ព័ត៌មានជាតិ

ក្រុមបច្ចេកទេសស្ពាន-ថ្នល់ របស់អន្តរក្រសួង ចុះពិនិត្យការស្ថាបនាផ្លូវ ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨ សម្រេច២៥%

image

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ក្រុមការងារបច្ចេកទេសស្ពាន-ថ្នល់ មកពីក្រសួងការពារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន ១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប។

ឧត្តមសេនីយ៍ឯក សឿន រឿត នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្ម ១៧៨ ទទួលស្ថាបនាផ្លូវចំនួន ១៣ខ្សែ ដែលជាផ្លូវស្ថិតក្នុងតំបន់មានភាពស្មុគស្មាញ ដែលបានធ្វើឲ្យប៉ះពាល់នូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ។ លោកឧត្តមសេនីយ៍បន្តទៀតថា ការងារស្ថាបនាផ្លូវទាំង ១៣ខ្សែ មានប្រវែងសរុប ២៦,៥៤គីឡូម៉ែត្រ មកដល់ពេលនេះធ្វើបាន២៥%ហើយ ក្នុងនោះផ្លូវមួយចំនួនបានធ្វើការរៀបចំគ្រឹះ និងរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់បានរួចរាល់ ហើយផ្លូវមួយចំនួនមានភាពយឺតយ៉ាវ ដោយខ្វះខាតលូ ដោយក្រុមហ៊ុនផលិតលូ ផ្គត់ផ្គង់ផ្តល់មិនទាន់ពេលវេលា និងការរង់ចាំការងារកប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាបជាដើម។

នៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យនេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការរបស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុកដាក់តាមដាន ការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និង ពេលវេលា។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូរអង្វែងទៀតផង៕