បុរសខ្មែរម្នាក់ឆ្លងកូវីដបង្ហាញការសោកស្ដាយ ក្រោយមិនបានធ្វើតាមការណែនាំនិងចម្លងអ្នកដទៃដោយមិនដឹងខ្លួន
អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ បុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្តីពីការណែនាំមិនឱ្យចល័តចេញចូលតំបន់ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩។
បុរសរូបនេះបាននិយាយថា «ខ្លួនមានការស្តាយក្រោយជាខ្លាំងដែលធ្វើឱ្យក្រុមគ្រួសាររបស់ខ្លួនមានការលំបាក បើសិនជាអាច ខ្លួនសុខចិត្តស្នាក់នៅកន្លែងធ្វើការរបស់ខ្លួន នោះបានចៀសវាងការប៉ះពាល់ដល់ពុកម៉ែបងប្អូនរបស់ខ្ញុំ»។
គាត់និយាយទៀតថា «ដូច្នេះសូមបងប្អូនទាំងអស់ កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឱ្យចាកចេញ សូមកុំធ្វើការចាកចេញឱ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ»។
សូមជម្រាបថា ដោយសារតែអាការក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះ បានធ្វើការចាកចេញពីសណ្ឋគារស៊ីនយីនថៃ ជាកន្លែងធ្វើការរបស់ខ្លួនស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថាបានឆ្លងមេរោគកូវីដ-១៩ ឡើយ។ បន្ទាប់ពីទៅដល់ស្រុកកំណើត បុរសរូបនេះត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមាន វិរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល ដោយឡែកក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍៕