សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោបាត់ម្ចាស់ការ ប៉ុន្តែអនុវត្តវិធានអនាម័យ (មានសម្លេង)
អត្ថបទ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចឆ្លងកូវីដ១៩ ចូលសហគមន៍ហើយ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែវិច្ឆិកានេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញស្រ្តីម្នាក់ជាភរិយាមន្រ្តីជាន់ខ្ពស់ពន្ធធនាគារ មានវិជ្ជមានកូវីដ១៩។
នៅក្នុងសារសំលេង នារាត្រីថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះ អាចជាករណីលើកដំបូងបំផុតដែលជាឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធនៅក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី។
សម្តេចតេជោ បន្តថា ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាល បានចាត់វិធានការបន្ទាន់ ដោយប្រមូលអ្នកជាប់ពាក់ព័ន្ធដើម្បីយកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសម្រាប់ប្រជាពលរដ្ឋសូមកុំមានការភ័យស្លន់ស្លោ រហូតទៅដល់ការបាត់បង់ការគ្រប់គ្រង។ ប៉ុន្តែក៏បានស្នើឱ្យប្រជាពលរដ្ឋ បង្កើននូវការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស ការលាងដៃ អនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីអ្នកណាដែលមានការសង្ស័យ សូមប្រញាប់ស្វែងរកគ្រូពេទ្យអោយបានឆាប់បំផុត និងសុំការប្រុងប្រយ័ត្នដើម្បីការពារខ្លួននៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយប្រសិនបើអាចជៀសវាង បានសូមចៀសវាងការប្រមូលផ្តុំណាមួយ។
ពាក់ព័ន្ធទៅនឹងសាលារៀនវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា មិនទាន់មានការចាំបាច់បិទសាលារៀនវិញនោះទេ អ្វីដែលជាការចាំបាច់នៅពេលនេះគឺតម្រូវការនូវការការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ រួមទាំងគោរពតាមវិធានអនាម័យ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពរដ្ឋនឹងយល់អំពីស្ថានភាពនេះ បន្តយកចិត្តទុកដាក់តាមដាននូវការវិវត្តន៍នៃសភាពការណ៍ទាំងអស់ ហើយក៏សូមឲ្យក្រសួងសុខាភិបាលរាយការណ៍នូវអ្វីដែលជាការវិវត្តជាបន្តបន្ទាប់៕