ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកការដ្ឋានសាងសង់អគារទីលានបាញ់គ្រាប់ពិត របស់កងយោធពលខេមរភូមិន្ទ នៅភ្នំជំរាយ ខេត្តកំពង់ឆ្នាំង

image

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារទីលានបាញ់គ្រាប់ពិត របស់កងយោធពលខេមរភូមិន្ទ នៅតំបន់ភ្នំជំរាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ នាយទាហាន ពលទាហាន សិក្ខាកាមកងរាជអាវុធហត្ថ ប្រមាណជាង៨០០នាក់។


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍លើកឡើងថា ការសាងសង់ទីលានបាញ់គ្រាប់ពិតនៅភ្នំជំរាយនេះ គឺដើម្បីត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងរបស់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន នាពេលខាងមុខដ៏ខ្លីនេះ។


សម្តេចពិជ័យសេនា ទៀ បាញ់​ បានបន្តថា ជាមួយគ្នានឹងការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងនេះ យើងមិនទាន់បញ្ជាក់ ឱ្យដឹងច្បាស់ថា​កំណត់យកថ្ងៃណា ខែណា ឆ្នាំណានៅឡើយទេ គឺរង់ចាំមើលលទ្ធភាពជាមុនសិនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏កម្ពុជា ត្រូវតែធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះដែល ព្រោះព្រឹត្តិការណ៍នេះ ធ្វើឡើងតាមការវិលជុំ តាមសមាជិករបស់សហគនអាស៊ានផងដែរ។


សម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា កន្លងមកកម្ពុជា បានអាក់ខានទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើង ទាំងនេះដោយសារតែកម្ពុជា មិនទាន់មានសមត្ថភាព និងមិនទាន់មានទីលានណាមួយដើម្បីទទួលរៀបចំព្រឹត្តិការណ៍នេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា នឹងត្រៀមឱ្យបានគ្រាន់ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើង នៅក្នុងពេលមួយដ៏ខ្លីខាងមុខនេះផងដែរ៕ (អត្ថបទ៖ ភ្នាក់ងារកំំពង់់់់ឆ្នាំង)