សុខភាព

កម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត ជនជាតិឥណ្ឌណេស៊ី ជាករណីនាំចូល

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌូណេស៊ី ខណៈករណីព្យាបាលជាសះស្បើយ មិនមាននោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា បុរសជនជាតិឥណ្ឌូណេស៊ីរូបនេះ មានអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើតាមក្រសួង អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១១៣នាក់ (ស្រី២៣នាក់)។ រីឯអ្នកដំណើរចំនួន ១១២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន២ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន៤៩នាក់ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន៦២នាក់ និងនៅស្ថានទូតសិង្ហបុរីចំនួន ១នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៦នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៥នាក់៕