អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា គឺជាមជ្ឈមណ្ឌលដ៏មានសក្តានុពលសម្រាប់ធុរជនហ្វ្រង់កូហ្វូន ដែលមានបំណងធ្វើធុរកិច្ចនៅក្នុងតំបន់មេគង្គ និងទូទាំងអាស៊ាន
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន បានលើកឡើងថា កម្ពុជា គឺជាមជ្ឈមណ្ឌលដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលមានបំណងធ្វើធុរកិច្ចនៅក្នុងតំបន់មេគង្គ និងទូទាំងអាស៊ាន។ តាមរយៈកម្ពុជា ក្រុមហ៊ុនទាំងនេះអាចពង្រីកបណ្តាញធុរកិច្ចទៅកាន់ទីផ្សារប្រទេសជិតខាង រួមមានឡាវ និងវៀតណាម។
ការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង និងលោក អាម៉េដ ស៊ីសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដោយមានការចូលរួមពីធុរជនជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជាច្រើនរូប។
ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការចូលរួមយ៉ាងច្រើនកុះកររបស់គណៈប្រតិភូធុរកិច្ចក្នុងព្រឹត្តិការណ៍នេះថា ជាសក្ខីភាពបង្ហាញពីចំណាប់អារម្មណ៍ និងឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាស ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងគ្នា។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា អាទិភាពសំខាន់នៅពេលនេះ គឺការបន្តតាមដាន និងសម្របសម្រួលទំនាក់ទំនងដែលបានបង្កើតឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីជួយឱ្យក្រុមហ៊ុននានាអាចប្រែក្លាយការជួបជុំ ការផ្លាស់ប្តូរយោបល់ និងការណែនាំគ្នាទៅវិញទៅមក ឱ្យក្លាយជាភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែង។
ជាមួយគ្នានេះ អ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាអាចដើរតួនាទីជាច្រកតភ្ជាប់សម្រាប់ក្រុមហ៊ុនហ្វ្រង់កូហ្វូន ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់មេគង្គ និងអាស៊ាន ជាពិសេសប្រទេសឡាវ និងវៀតណាម ដែលមានទំនាក់ទំនងផ្នែកភាសា និងវប្បធម៌បារាំងក្នុងតំបន់មេគង្គ។
ដើម្បីជំរុញការសម្រេចគោលដៅនេះ សភាពាណិជ្ជកម្មកម្ពុជាមានបំណងធ្វើការដោយផ្ទាល់ជាមួយអង្គការសមាជិក APF នៅតាមបណ្តាប្រទេសនីមួយៗ ព្រមទាំងបើកចំហចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នធុរកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំបេសកកម្មធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងសម្របសម្រួលការតភ្ជាប់ក្រុមហ៊ុនជាមួយដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។
អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកវិស័យឯកជនជា «កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច» និងបានដាក់ចេញនូវយុទ្ធសាស្ត្រ ព្រមទាំងវិធានការជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែល្អប្រសើរ ងាយស្រួល និងអំណោយផលដល់ការប្រកបអាជីវកម្ម និងការចាប់យកឱកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ La REF ឆ្នាំ២០២៧ ដែលនឹងរៀបចំឡើងនៅប្រទេសម៉ូរីស ដើម្បីស្វែងរកឱកាសធុរកិច្ចក្នុងទីផ្សារប្រទេសនេះ ព្រមទាំងសិក្សាពីបទពិសោធន៍របស់ក្រុមហ៊ុនម៉ូរីស ក្នុងការប្រើប្រាស់ទីផ្សារក្នុងស្រុកជាមូលដ្ឋានសម្រាប់ពង្រីកការវិនិយោគទៅកាន់តំបន់អាហ្វ្រិក។
សភាពាណិជ្ជកម្មកម្ពុជាក៏ស្វាគមន៍ក្រុមហ៊ុនម៉ូរីសដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងត្រៀមខ្លួនសហការជាមួយសមាជិក APF ដែលមានបំណងនាំគណៈប្រតិភូធុរកិច្ចមកកាន់កម្ពុជា ឬស្វែងរកឱកាសអភិវឌ្ឍគម្រោងវិនិយោគជាក់លាក់ផងដែរ។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានជាប់លាប់ បន្ទាប់ពីជំនួបនៅរាជធានីភ្នំពេញ ដើម្បីប្រែក្លាយឱកាស និងបណ្តាញទំនាក់ទំនងដែលបានបង្កើតឡើង ឱ្យទៅជាលទ្ធផលជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ចនៃបណ្តាប្រទេសហ្វ្រង់កូហ្វូន។
គួរបញ្ជាក់ថា វេទិកាធុរជនហ្វ្រង់កូហ្វូន (REF 2026) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ព្រឹត្តិការណ៍នេះមានគោលដៅប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច វិនិយោគិន និងអ្នករៀបចំគោលនយោបាយមកពីជាង ៣០ប្រទេស ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហគមន៍ហ្វ្រង់កូហ្វូន និងបណ្តាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចកំពុងរីកចម្រើន។ កម្មវិធីនេះក៏រួមមានកិច្ចពិភាក្សាកម្រិតខ្ពស់ និងជំនួបធុរកិច្ច ដើម្បីជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងតំបន់ ការផ្តល់ហិរញ្ញប្បទានដល់គម្រោង និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនវានុវត្តន៍។
តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ កម្ពុជារំពឹងថា នឹងអាចពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចអន្តរជាតិ ទាក់ទាញការវិនិយោគ និងបង្កើតឱកាសថ្មីៗសម្រាប់ផលិតផល និងសហគ្រាសកម្ពុជា ក្នុងការឈានចូលទីផ្សារបណ្តាប្រទេសហ្វ្រង់កូហ្វូនី ព្រមទាំងពង្រឹងតួនាទីរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ៕
អត្ថបទ៖ សៀម ប៊ុនធី និងចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់, ង៉ាន់ សំណាង និងកែវ ភិរុណ