ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន រៀបចំមហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង

image

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) បានរៀបចំមហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងក្របខ័ណ្ឌវេទិកាធុរជនហ្វ្រង់កូហ្វូន (La Rencontre des Entrepreneurs Francophones – REF 2026) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងជំរុញការបង្កើតភាពជាដៃគូអាជីវកម្មជាក់ស្តែង។

មហាសន្និបាតនេះរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន និងលោក អាម៉េដ ស៊ីសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ព្រមទាំងមានការចូលរួមពីធុរជនជាតិ និងអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការចូលរួមយ៉ាងច្រើនកុះកររបស់គណៈប្រតិភូធុរកិច្ចក្នុងព្រឹត្តិការណ៍នេះថា ជាការបង្ហាញពីចំណាប់អារម្មណ៍ និងឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាស និងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងគ្នា។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា អាទិភាពសំខាន់នៅពេលនេះ គឺការបន្តតាមដាន និងសម្របសម្រួលទំនាក់ទំនងដែលបានបង្កើតឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីជួយឱ្យក្រុមហ៊ុននានាអាចប្រែក្លាយការជួបជុំ ការផ្លាស់ប្តូរយោបល់ និងការណែនាំគ្នាទៅវិញទៅមក ទៅជាភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែង។

អ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាមានសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ក្រុមហ៊ុនមកពីបណ្តាប្រទេសហ្វ្រង់កូហ្វូន ដែលមានបំណងពង្រីកប្រតិបត្តិការអាជីវកម្មក្នុងតំបន់មេគង្គ និងទូទាំងតំបន់អាស៊ាន។ ជាពិសេស កម្ពុជាអាចដើរតួនាទីជាច្រកតភ្ជាប់ទៅកាន់ទីផ្សារប្រទេសជិតខាង ដូចជា ឡាវ និងវៀតណាម ដែលជាប្រទេសមានទំនាក់ទំនងផ្នែកភាសា និងវប្បធម៌បារាំងក្នុងតំបន់មេគង្គផងដែរ។

ដើម្បីជំរុញការសម្រេចគោលដៅនេះ សភាពាណិជ្ជកម្មកម្ពុជាមានបំណងធ្វើការដោយផ្ទាល់ជាមួយអង្គការសមាជិក APF នៅតាមបណ្តាប្រទេសនីមួយៗ ព្រមទាំងបើកចំហចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នធុរកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំបេសកកម្មធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងសម្របសម្រួលការតភ្ជាប់ក្រុមហ៊ុនជាមួយដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យឯកជនជា «កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច» និងបានដាក់ចេញនូវយុទ្ធសាស្ត្រ ព្រមទាំងវិធានការជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែល្អប្រសើរ ងាយស្រួល និងអំណោយផលដល់ធុរជន ក្នុងការប្រកបអាជីវកម្ម និងចាប់យកឱកាសវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ាក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានជាប់លាប់ បន្ទាប់ពីជំនួបនៅរាជធានីភ្នំពេញ ដើម្បីធានាថា ឱកាស និងបណ្តាញទំនាក់ទំនងដែលបានបង្កើតឡើង អាចវិវឌ្ឍទៅជាលទ្ធផលជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ចនៃបណ្តាប្រទេសហ្វ្រង់កូហ្វូន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ La REF ឆ្នាំ២០២៧ ដែលនឹងរៀបចំឡើងនៅប្រទេសម៉ូរីស ដើម្បីស្វែងរកឱកាសធុរកិច្ចនៅក្នុងទីផ្សារប្រទេសនេះ ព្រមទាំងសិក្សាពីបទពិសោធន៍របស់ក្រុមហ៊ុនម៉ូរីស ក្នុងការប្រើប្រាស់ទីផ្សារក្នុងស្រុកជាមូលដ្ឋានសម្រាប់ពង្រីកការវិនិយោគទៅកាន់តំបន់អាហ្វ្រិក។

សភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្ហាញការស្វាគមន៍ក្រុមហ៊ុនម៉ូរីសដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ ព្រមទាំងត្រៀមសហការជាមួយសមាជិក APF ដែលមានបំណងនាំគណៈប្រតិភូធុរកិច្ចមកកាន់កម្ពុជា ឬស្វែងរកឱកាសអភិវឌ្ឍគម្រោងវិនិយោគជាក់លាក់៕

អត្ថបទ៖ សៀម ប៊ុនធី និងចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់, ង៉ាន់ សំណាង និងកែវ ភិរុណ