លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បង្ហាញសក្តានុពលកម្ពុជា ក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី ពិសេសនៅតំបន់អាហ្វ្រិក
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាមានសក្តានុពល និងឱកាសជាច្រើនសម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ជាពិសេសប្រទេសនៅទ្វីបអាហ្វ្រិក និងតំបន់ផ្សេងទៀត តាមរយៈការពង្រឹងភាពជាដៃគូ និងការតភ្ជាប់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវរដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីជប់លៀង Networking Cocktail នៃជំនួបធុរជនហ្វ្រង់កូហ្វូន នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន និងលោក អាម៉េដ ស៊ីសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ព្រមទាំងធុរជនជាតិ និងអន្តរជាតិ មកពីសហគមន៍ហ្វ្រង់កូហ្វូនី យ៉ាងច្រើនកុះករ។
លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពក្នុងការស្វាគមន៍សហគមន៍ហ្វ្រង់កូហ្វូនមកកាន់កម្ពុជា ដើម្បីអបអរសាទរចំណងទាក់ទងផ្នែកភាសា និងវប្បធម៌រួមគ្នា ព្រមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងអស់។ ជាពិសេស ការជួបជុំនេះមានសារៈសំខាន់ ខណៈកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាលើកទី២ហើយដែលព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងនៅក្នុងតំបន់អាស៊ី។
លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបន្តពង្រីកវិសាលភាពទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការគាំទ្រពីមូលដ្ឋានផលិតកម្មឧស្សាហកម្មដែលកំពុងរីកចម្រើន ផលិតផលកសិកម្មមានសមត្ថភាពប្រកួតប្រជែង សេវាកម្មឌីជីថលដែលកំពុងពង្រីក និងការតភ្ជាប់ក្នុងតំបន់កាន់តែប្រសើរ។ ជាមួយគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាជាមួយដៃគូហ្វ្រង់កូហ្វូន រួមមានបារាំង និងកាណាដា ក៏កំពុងបន្តពង្រឹង ខណៈនៅមានសក្តានុពលជាច្រើនទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅទ្វីបអាហ្វ្រិក។
លោកជំទាវបានបន្ថែមថា សម្រាប់ធុរជនដែលមានបំណងចង់ពង្រីកអាជីវកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍ កម្ពុជាផ្តល់ឱកាសទាំងក្នុងទីផ្សារក្នុងស្រុកដែលកំពុងរីកចម្រើន និងជាច្រកតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់កាន់តែទូលំទូលាយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ កម្ពុជាអាចតភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណ ៧០០លាននាក់ និងទីផ្សារពាណិជ្ជសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានទំហំធំជាងនេះទៅទៀត ដោយគ្របដណ្តប់លើប្រជាជនចំនួន ១,២ពាន់លាននាក់។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រួលពាណិជ្ជកម្ម កែលម្អសេវាកម្មធុរកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រិន និងសហគ្រាស ដើម្បីអាចបង្កើតទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះរួមមានការកាត់បន្ថយនីតិវិធី ការធ្វើកំណែទម្រង់ និងការសម្រួលដំណើរការរដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព និងភាពច្បាស់លាស់ដល់ការប្រកបអាជីវកម្ម និងការវិនិយោគប្រកបដោយភាពរីកចម្រើន និងបន្តការវិនិយោគ ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀត។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ក៏បានគូសបញ្ជាក់ថា ក្រៅពីគោលនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម កត្តាសំខាន់ដែលធ្វើឱ្យទំនាក់ទំនងធុរកិច្ចទទួលបានជោគជ័យ គឺការកសាងទំនុកចិត្ត ភាពជឿជាក់ និងទំនាក់ទំនងផ្ទាល់រវាងដៃគូ។ ដូច្នេះ ការជួបជុំធុរជនហ្វ្រង់កូហ្វូននេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការស្វែងយល់ពីឱកាសថ្មីៗ ការផ្លាស់ប្តូរគំនិត និងការស្វែងរកដៃគូដែលអាចប្រែក្លាយគំនិតធុរកិច្ចទៅជាការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
បន្ថែមពីនេះលោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ធុរជនហ្វ្រង់កូហ្វូន ឆ្លៀតឱកាសស្វែងយល់ពីកម្ពុជា សិក្សាទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយសហគ្រិនកម្ពុជា ខណៈដែលធុរជនកម្ពុជាក៏គួរចាប់យកឱកាសពីបណ្តាញទំនាក់ទំនងថ្មីៗនេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ជំនួបធុរជនហ្វ្រង់កូហ្វូននេះ ត្រូវបានរៀបចំឡើង ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង៕
អត្ថបទ៖ សៀម ប៊ុនធី និងចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី