អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យធុរជនហ្វ្រង់កូហ្វូន ចាប់យកឱកាសពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា ដែលជាច្រកទ្វារដ៏សំខាន់ចូលទៅកាន់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ជាង ៧០០លាននាក់
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន បានជំរុញឱ្យធុរជន និងវិនិយោគិនហ្វ្រង់កូហ្វូន ប្រើប្រាស់សក្តានុពល និងភាពជាដៃគូរួមគ្នា ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីៗ ដោយចាត់ទុកកម្ពុជាជាច្រកតភ្ជាប់ដ៏មានសក្តានុពលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានអ្នកប្រើប្រាស់ជាង ៧០០លាននាក់។
ការជំរុញរបស់អ្នកឧកញ៉ា គិត ម៉េង បែបនេះ ធ្វើឡើងក្នុងកម្មវិធីជប់លៀង Networking Cocktail នៃវេទិកាធុរជនហ្វ្រង់កូហ្វូនលើកទី៦ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក អាម៉េដ ស៊ីសេ (Ahmed Cissé) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) និងធុរជនជាតិ និងអន្តរជាតិមកពីសហគមន៍ហ្វ្រង់កូហ្វូនី យ៉ាងច្រើនកុះករ។ កម្មពិធីនេះ ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។
ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នជាប្រទេសដែលមានស្ថិរភាព ភាពធន់ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងជាសមាជិកសកម្មនៃអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរី RCEP ដែលអាចផ្តល់ឱកាសយ៉ាងទូលំទូលាយដល់សហគ្រាសអន្តរជាតិ ក្នុងការពង្រីកប្រតិបត្តិការធុរកិច្ច និងចូលទៅកាន់ទីផ្សារក្នុងតំបន់។
អ្នកឧកញ៉ាបានលើកឡើងថា ភាពជាដៃគូរវាងសហគមន៍ធុរកិច្ចហ្វ្រង់កូហ្វូន និងវិស័យឯកជនកម្ពុជា មានសក្តានុពលខ្ពស់ ដោយសារភាគីទាំងពីរមានភាពបំពេញបន្ថែមឱ្យគ្នា ទាំងផ្នែកភាសា ប្រព័ន្ធច្បាប់ និងទំនុកចិត្តពាណិជ្ជកម្ម ដែលអាចជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងសម្រួលដល់ការធ្វើធុរកិច្ចឆ្លងដែន។
ជាពិសេស កិច្ចសហប្រតិបត្តិការនេះអាចពង្រីកទៅលើវិស័យសំខាន់ៗ រួមមាន កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម ភស្តុភារកម្ម ថាមពលស្អាត នវានុវត្តន៍ឌីជីថល និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។ ជាមួយគ្នានេះ ការជំរុញឱ្យមានទិដ្ឋាការធុរកិច្ចហ្វ្រង់កូហ្វូនប្រភេទចេញចូលច្រើនដង ក៏ជាកត្តាសំខាន់មួយក្នុងការសម្រួលចល័តភាពរបស់ធុរជន និងវិនិយោគិន ព្រមទាំងបង្កើតច្រករបៀងពាណិជ្ជកម្មរវាងទ្វីបអាហ្វ្រិក អឺរ៉ុប អាមេរិក និងអាស៊ី។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការជួបជុំរបស់ធុរជនហ្វ្រង់កូហ្វូននៅកម្ពុជានាពេលនេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកឧកញ៉ា បានចាត់ទុកកិច្ចព្រមព្រៀងដ៏សំខាន់នេះ ដែលទទួលបានការគាំទ្រពីថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា មានលក្ខណៈផ្លូវការ ក្នុងការផ្សារភ្ជាប់វិស័យឯកជនរបស់ខ្លួនទៅនឹងបណ្តាញធុរកិច្ចហ្វ្រង់កូហ្វូនទូទាំងពិភពលោក ព្រមទាំងជំរុញឱ្យមានវត្តមានរបស់ APF នៅតំបន់អាស៊ីអាគ្នេយ៍ និងលើកកម្ពស់រាជធានីភ្នំពេញឱ្យក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ចហ្វ្រង់កូហ្វូន។
អ្នកឧកញ៉ាបានបន្ថែមថា កម្មវិធីជប់លៀងនេះ មិនត្រឹមតែជាការជួបជុំពេលល្ងាចនៃមិត្តភាពដ៏កក់ក្តៅប៉ុណ្ណោះទេ តែជាចំណុចចាប់ផ្តើមសម្រាប់ការបណ្តាក់ទុនរួមគ្នាប្រកបដោយចីរភាព តាមរយៈការកសាងទំនុកចិត្ត និងប្រែក្លាយភាសាយើងដែលប្រើប្រាស់រួមគ្នា ទៅជាកំណើនសេដ្ឋកិច្ច និងឱកាសធុរកិច្ចជាក់ស្តែង។
គួរបញ្ជាក់ថា វេទិកាធុរជនហ្វ្រង់កូហ្វូនលើកទី៦ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង៕
អត្ថបទ៖ សៀម ប៊ុនធី និងចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី