ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ទាំង៦ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងគ្រប់កាលៈទេសៈ។
ដើម្បីផ្តល់ការគាំទ្រជាក់ស្តែង កម្មវិធីនេះបានផ្សារភ្ជាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ជាមួយយុទ្ធនាការសប្បុរសធម៌ ក្នុងគោលបំណងកៀរគរជំនួយ ថវិកា និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ទាំង៦។
យុទ្ធនាការនេះ មិនត្រឹមតែជាការបំផុសស្មារតីសាមគ្គីភាព និងការចូលរួមពីសំណាក់សប្បុរសជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការជាក់ស្តែងក្នុងការប្រមូលធនធាន ដើម្បីសម្រាលការលំបាក និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងភៀសសឹកផងដែរ៕
អត្ថបទ៖ ប៊ុន សំណាង