សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែម សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល។
ថ្លែងក្នុងពិធីនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខន្តិកៈរបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពសកម្មភាពរបស់សមាគម ស្របតាមទិសដៅនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈតែងយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនសមត្ថភាព និងការពង្រឹងភាពជាអ្នកដឹកនាំរបស់មន្ត្រីរាជការជាស្ត្រី។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានជាង ១០ម៉ឺននាក់ ក្នុងចំណោមមន្ត្រីសរុបជាង ២៣ម៉ឺននាក់ ស្មើនឹងប្រមាណ ៤៣ភាគរយ។ ក្នុងនោះ មន្ត្រីស្ត្រីដែលកាន់តំណែងចាប់ពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ មានជាង ១២,០០០នាក់ ស្មើនឹងប្រមាណ ២៦ភាគរយ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះលោកស្រី ឆាយ ថងឌី ហ៊ុន ម៉ានី ដែលត្រូវបានតែងតាំងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិកសាខាសមាគមដែលទើបទទួលការបំពេញបន្ថែមសមាសភាព បន្តអនុវត្តលក្ខន្តិកៈសមាគមឱ្យបានខ្ជាប់ខ្ជួន ពង្រឹងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្ត្រី ពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន ពង្រីកសមាជិកភាព និងកៀរគរធនធានគាំទ្រសកម្មភាពសមាគម ព្រមទាំងផ្សារភ្ជាប់ផែនការសកម្មភាពជាមួយការងារស្នូលរបស់ក្រសួង។
សម្តេចក៏បានជំរុញឱ្យសាខាសមាគមបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គម ដើម្បីលើកកម្ពស់តម្លៃស្ត្រី រួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ ដោយឡែក សម្តេចក៏បានអំពាវនាវឱ្យសមាជិកសមាគមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាតាមព្រំដែនដោយសន្តិវិធី និងភាពឆ្លាតវៃ ដើម្បីបន្ថយភាពតានតឹង និងនាំស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីវិញ៕
អត្ថបទ៖ វង សុភ័ក្ត្រ