ព័ត៌មានអន្តរជាតិ

អូស្ត្រាលីនឹងពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរាប់លានដុល្លារ បើមិនបង់ថ្លៃផ្សព្វផ្សាយឱ្យស្ថាប័នព័ត៌មានក្នុងស្រុក

image


អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃអង្គារ បានប្រកាសថា ក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook), អាល់ហ្វាប៊ែត​ (Alphabet) ក្រុមហ៊ុនមេរបស់ហ្គូហ្គល (Google) និង TikTok អាចនឹងប្រឈមមុខនឹងការបង់ប្រាក់ពិន័យរាប់លានដុល្លារ បើពួកគេមិនចរចាលើកិច្ចព្រមព្រៀងបង់ប្រាក់ឱ្យស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ការប្រើប្រាស់មាតិកាព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ។

តាមរយៈច្បាប់ថ្មីខាងលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបីនេះ នឹងត្រូវជាប់ពន្ធ ២,២៥% លើចំណូលក្នុងស្រុករបស់ពួកគេ បើពួកគេមិនព្រមចុះកិច្ចព្រមព្រៀងបង់ថ្លៃព័ត៌មាន។ ប្រាក់ចំណូលពីការបង់ពន្ធនេះ នឹងត្រូវយកទៅផ្ដល់ឱ្យក្រុមហ៊ុនសារព័ត៌មានវិញ ដើម្បីជួយជំរុញវិស័យសារព័ត៌មាននៅអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី អានីកា វែល (Anika Wells) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google។ លោកស្រីជឿថា វានឹងមានភាពយុត្តិធម៌បំផុតដែលបណ្ដាញសង្គមយក្សទាំងនេះ ត្រូវចូលរួមចំណែកដល់ការងារដ៏លំបាករបស់ទីភ្នាក់ងារសារព័ត៌មាន ដែលធ្វើឱ្យបណ្ដាញសង្គមរបស់ពួកគេសម្បូរបែប និងជួយរកចំណូលឱ្យពួកគេ»។ លោកស្រីបន្ថែមថា «បណ្ដាញសង្គមទាំងនោះ គួរតែចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នព័ត៌មាន។ បើពួកគេមិនធ្វើទេ ពួកគេនឹងត្រូវបង់ប្រាក់កាន់តែច្រើន»។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសប្រឆាំងនឹងការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ហើយបានគំរាមដាក់ពន្ធគយលើប្រទេសណាដែលអនុវត្តច្បាប់បែបនេះ។ ចំពោះរឿងនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានឆ្លើយតបថា «អូស្ត្រាលី គឺជាប្រទេសដែលមានអធិបតេយ្យភាព។ ហើយរដ្ឋាភិបាលរបស់លោក នឹងធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិរបស់អូស្ត្រាលី»។

ការយកពន្ធនេះ នឹងចាប់ផ្ដើមអនុវត្តពីពាក់កណ្ដាលឆ្នាំនេះតទៅ ពោលគឺចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ។ ប្រាក់ដែលប្រមូលបាន នឹងត្រូវបែងចែកទៅឱ្យស្ថាប័នព័ត៌មាន ដោយផ្អែកលើចំនួនអ្នកសារព័ត៌មានដែលពួកគេមានក្នុងស្ថាប័ននីមួយៗ។ ច្បាប់ថ្មីនេះ បានបង្កើតឡើងដើម្បីជំនួសច្បាប់ឆ្នាំ ២០២១ ដែលរដ្ឋាភិបាលយល់ថា «លែងមានប្រសិទ្ធភាព» ទៀតហើយ ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Dado Ruvic/Illustration)