ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីសម្រេចលុបចោលពន្ធនាំចូលលើផលិតផលប្លាស្ទិកមួយចំនួន និងឧស្ម័ន LPG សម្រាប់ឧស្សាហកម្មគីមីឥន្ធនៈ

image


ឥណ្ឌូណេស៉ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្តដាក់ចេញនូវវិធានការបន្ទាន់មួយ ដោយលុបចោលពន្ធនាំចូលលើវត្ថុធាតុដើមប្លាស្ទិក និងឧស្ម័ន (LPG) មកនៅត្រឹមសូន្យភាគរយ។ វិធានការនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិខ្វះខាតវត្ថុធាតុគីមីដើម ដែលកំពុងយាយីដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងវិស័យឧស្សាហកម្មផលិតសំបកវេចខ្ចប់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក​ អ៊ែរឡាំងហ្គារ​ ហាតាតូ​ (Airlangga Hartarto) កាលពីថ្ងៃអង្គារ។

មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តនេះ គឺដោយសារតែផលប៉ះពាល់ពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឱ្យការផ្គត់ផ្គង់វត្ថុធាតុដើមពីតំបន់មជ្ឈិមបូព៌ាត្រូវកាត់ផ្ដាច់។ ការខ្វះខាតនេះ បានរុញច្រានឱ្យតម្លៃប្លាស្ទិកនៅក្នុងប្រទេសឥណ្ឌូណេស៊ីហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ រហូតដល់ទៅទ្វេដងក្នុងរយៈពេលដ៏ខ្លី ដែលជាសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងដល់ម្ចាស់អាជីវកម្ម។

ការឡើងថ្លៃនៃវត្ថុធាតុដើមប្លាស្ទិក មិនត្រឹមតែប៉ះពាល់ដល់អ្នកផលិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលជាខ្សែច្រវាក់ដល់តម្លៃទំនិញប្រើប្រាស់ទូទៅផងដែរ។ នៅពេលសំបកវេចខ្ចប់ឡើងថ្លៃ នោះតម្លៃម្ហូបអាហារ ភេសជ្ជៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ក៏នឹងត្រូវឡើងថ្លៃតាមនោះដែរ ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនទូទៅ។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានកំណត់យកវត្ថុធាតុដើមសំខាន់ៗចំនួន ៣ ប្រភេទដែលចាំបាច់បំផុតសម្រាប់ផលិតសំបកវេចខ្ចប់ ដើម្បីផ្ដល់ការអនុគ្រោះពន្ធ ខណៈកាលពីមុន ផលិតផលទាំងនេះត្រូវជាប់ពន្ធចន្លោះពី ៥% ទៅ ១៥% ប៉ុន្តែចាប់ពីខែឧសភាតទៅ ការនាំចូលនឹងមិនមានការគិតពន្ធឡើយ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។
ទោះជាយ៉ាងណាក្ដី ការអនុគ្រោះពន្ធនេះគឺជាវិធានការបណ្ដោះអាសន្នដែលមានរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ ដោយអាជ្ញាធរឥណ្ឌូណេស៊ីចង់ប្រើប្រាស់ពេលវេលានេះ ដើម្បីសង្កេតមើលស្ថានភាពទីផ្សារ និងទប់ស្កាត់អតិផរណាដែលបណ្ដាលមកពីការឡើងថ្លៃទំនិញវេចខ្ចប់ មុននឹងសម្រេចចិត្តបន្ត ឬផ្លាស់ប្តូរវិធានការនេះនាពេលអនាគត។

ការលុបចោលពន្ធនាំចូលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក ចំពេលមានវិបត្តិនយោបាយអន្តរជាតិ។ នេះគឺជាយុទ្ធសាស្ត្រមួយដើម្បីធានាថា ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញចាំបាច់ប្រចាំថ្ងៃ នៅតែបន្តដំណើរការបានស្រួល និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Reuters via CNA | រូបភាព៖ (REUTERS/Willy Kurniawan)/ New Straits Times/ (VA/ Ilustrasi foto: IDN Finnancial)