ចិនប្តេជ្ញាពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងសន្តិសុខថាមពល ដើម្បីឆ្លើយតបទៅនឹងវិបត្តិពីខាងក្រៅ
ចិន៖ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន កាលពីថ្ងៃអង្គារកន្លងទៅ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ចំពេលដែលពិភពលោកកំពុងជួបវិបត្តិយ៉ាងខ្លាំងពីខាងក្រៅ។ គោលដៅចម្បងគឺការកាត់បន្ថយការពឹងផ្អែកលើបរទេស និងការបង្កើនសន្តិសុខថាមពល ដើម្បីធានាថាច្រវាក់ផលិតកម្មក្នុងស្រុកនៅតែបន្តដំណើរការបាន ទោះបីជាមានការរំខានពីជម្លោះអន្តរជាតិក៏ដោយ។
ការិយាល័យនយោបាយចិន បានវាយតម្លៃថា សេដ្ឋកិច្ចជាតិនៅដើមឆ្នាំ២០២៦ នេះ មានសន្ទុះល្អប្រសើរជាងការរំពឹងទុក ប៉ុន្តែពួកគេមិនបានធ្វេសប្រហែសចំពោះហានិភ័យឡើយ។ ចិនបានជ្រើសរើសយកការអភិវឌ្ឍន៍បច្ចេកវិទ្យាកម្រិតខ្ពស់ ជាខែលការពារខ្លួនពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ដែលកំពុងរងសម្ពាធដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ទោះបីជាមិនបានបញ្ចេញឈ្មោះសង្គ្រាមចំៗ ប៉ុន្តែចិនបានបង្ហាញពីឆន្ទៈមោះមុតក្នុងការការពារធនធានថាមពលរបស់ខ្លួន។ ការងាកទៅរកថាមពលកកើតឡើងវិញដូចជា ថាមពលដើរដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ រួមទាំងការប្រើប្រាស់រថយន្តអគ្គិសនី បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលជួយឱ្យចិនអាចទប់ទល់នឹងវិបត្តិប្រេងបានល្អជាងបណ្ដាប្រទេសនៅអឺរ៉ុប និងអាស៊ីដទៃទៀត។
ភាពខ្លាំងនៃសេដ្ឋកិច្ចចិន ត្រូវបានបង្ហាញតាមរយៈអត្រាកំណើន ៥% ក្នុងត្រីមាសទីមួយ ដែលជាតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលចំពេលមានវិបត្តិសកល។ ភាពធន់នេះ កើតចេញពីការរៀបចំទុកជាមុននូវទុនបំរុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងតឹងរ៉ឹង ដែលជួយកាត់បន្ថយផលប៉ះពាល់ពីការបិទច្រកសមុទ្រ ហ័រមូស (Hormuz)។
ទោះជាយ៉ាងណាក៏ដោយ ចិនក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្ទៃក្នុងផងដែរ ដោយសារតែការឡើងថ្លៃវត្ថុធាតុដើមដែលនាំឱ្យថ្លៃដើមផលិតកម្មមានការកើនឡើង។ បញ្ហានេះកំពុងធ្វើឱ្យម្ចាស់រោងចក្រពិបាកក្នុងការរក្សាប្រាក់ចំណេញ ដែលអាចជះឥទ្ធិពលដល់ការងាររបស់ពលរដ្ឋរាប់រយលាននាក់ ប្រសិនបើសភាពការណ៍អវិជ្ជមាន នៅតែបន្តអូសបន្លាយយូរអង្វែង។
ការធ្លាក់ចុះនៃសន្ទុះនាំចេញរបស់ចិនកាលពីខែមុន គឺជាសញ្ញាអាសន្នមួយដែលបង្ហាញថា វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូកំពុងជះឥទ្ធិពលដល់ចិន។ ដូច្នេះហើយ ទើបទីក្រុងប៉េកាំងត្រូវតែបង្កើនការយកចិត្តទុកដាក់លើការស្ដារតម្រូវការក្នុងស្រុក និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលម្ចាស់ការ ដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានយូរអង្វែង៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA. | រូបភាព៖ Reuters via CNA/ (RUAN XUEFENG/FOR CHINA DAILY)