ទីក្រុងហូជីមិញ ត្រៀមចំណាយថវិកា ២៧០ លានដុល្លារ ដើម្បីពង្រីកផ្លូវតភ្ជាប់តំបន់ឧស្សាហកម្មនៅភាគខាងលិចទីក្រុង
ហូជីមិញ, វៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ (ព្រៃនគរ) ទើបតែបានអនុម័តកញ្ចប់ថវិកាជិត ៧ ទ្រីលានដុង (ប្រហែល ២៧០ លានដុល្លារអាម៉េរិក) ដើម្បីពង្រីកផ្លូវ វីញឡុក (Vinh Loc) ដែលជាផ្លូវសរសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្មជាច្រើន។ គម្រោងនេះមានគោលបំណងបញ្ចប់បញ្ហាកកស្ទះចរាចរណ៍ដែលអូសបន្លាយជាច្រើនឆ្នាំ នៅតំបន់ភាគខាងលិចទីក្រុង ។
តាមពិតទៅ គម្រោងនេះត្រូវបានអនុម័តតាំងពីឆ្នាំ ២០១៥-២០១៦ មកម្ល៉េះ ក្នុងទំហំថវិកាតិចតួច និងគ្រោងពង្រីកត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែវាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ដោយសារតែបញ្ហាកើនឡើងនៃតម្លៃសំណង់, ការរចនាប្លង់, ថវិកាផ្គត់ផ្គង់ និងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពស្មុគស្មាញ ។
យោងតាមផែនការថ្មីដែលទើបអនុម័តនេះ ផ្លូវ វីញឡុក (Vinh Loc) នឹងត្រូវពង្រីកទទឹងរហូតដល់ ៣០ ម៉ែត្រ (មាន ៤ គន្លងឡាន) និងមានប្រវែងសរុបជាង ៧ គីឡូម៉ែត្រ។ ការពង្រីកនេះ នឹងត្រូវកាត់តាមឃុំ-សង្កាត់ចំនួន ៤ ដែលនាំឱ្យមានតម្រូវការដីធ្លីទំហំជិត ២៤ ហិកតា និងប៉ះពាល់ដល់ម្ចាស់ដីជាង ១,៤០០ ករណី ក្នុងនោះមាន ៩៣ គ្រួសារត្រូវផ្លាស់ប្តូរទីលំនៅ ។
មូលហេតុដែលធ្វើឱ្យទុនវិនិយោគហក់ឡើងខ្ពស់ខ្លាំង គឺដោយសារការសម្រេចពង្រីកផ្លូវឱ្យធំជាងមុន, ការប្តូរកម្រិតតម្លៃសំណងដីធ្លីឱ្យស្របតាមច្បាប់ថ្មី និងការបញ្ជូលកញ្ចប់ថវិកាសំណងទៅក្នុងគម្រោងសាងសង់តែម្តង។ គ្រាន់តែថ្លៃសំណង និងការរៀបចំកន្លែងស្នាក់នៅថ្មីសម្រាប់ពលរដ្ឋ ត្រូវគេប៉ាន់ស្មានថាអស់ប្រហែល ២២៤ លានដុល្លារទៅហើយ ។
បច្ចុប្បន្ន ផ្លូវ វីញឡុក (Vinh Loc) មានទទឹងត្រឹមតែ ៧ ទៅ ៨ ម៉ែត្រប៉ុណ្ណោះ ខណៈមានឡានដឹកទំនិញឆ្លងកាត់ច្រើនលើសលប់ បណ្តាលឱ្យកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងរំខានដល់ការរស់នៅរបស់ពលរដ្ឋ។ ការពង្រីកផ្លូវដល់ ៣០ ម៉ែត្រ គឺជាដំណោះស្រាយបច្ចេកទេសដ៏ចាំបាច់ ដើម្បីបើកផ្លូវឱ្យរថយន្តអាចធ្វើដំណើរបានពីរទិសដៅ និងជួយសម្រួលបន្ទុកចរាចរណ៍ពីផ្លូវជាតិលេខ១ (QL1) ។
នៅពេលបញ្ចប់ជាស្ថាពរ ផ្លូវនេះនឹងក្លាយជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងតំបន់ឧស្សាហកម្មប៉ែកខាងលិច, ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុង។ តាមការរំពឹងទុក គម្រោងនេះនឹងចាប់ផ្តើមអនុវត្តការងារសាងសង់ និងដោះស្រាយផលប៉ះពាល់នៅចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៨ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ [VnExpress/Ha Giang]/ VNA via Saigon Times/ Xe.Today