ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រឹងលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្ដិការគ្រប់គ្រងគ្រោះមន្ដរាយតាមបន្ទាត់ព្រំដែន

image



ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន ជុំរុញឲ្យកងទ័ពកម្ពុជា-ឡាវ ពង្រីកការចែករំលែកបទពិសោធ លើវិស័យការពារជាតិ និងការបណ្ដុះបណ្កាលធនធានមនុស្ស ឲ្យកាន់តែផុលផុស។
ការលើកឡើងបែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៧ កុម្ភ: ឆ្នាំ២០២៦ នេះនាវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោបានចាត់ទុកដំណើរទស្សកិច្ចរបស់ឱ្យ លោក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់កម្ពុជាជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំងទ្វេរភាគីកម្ពុជា-ឡាវ និងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
សម្ដេចតេជោហ៊ុន សែន បានរំលេចថា កាលពីពេលថ្មីៗនេះថ្នាក់ដឹនាំកំពូលរបស់ឡាវ ដូចជាលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឡាវ នាពេលបច្ចុប្បន្ន។

នាឱកាសនោះលោក Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពអរគុណជាអនេកដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក និងប្រតិភូ បានចូលជួបសម្ដែងការគួរសមនាពេលនេះ លោកបានលើកឡើងពីទំនាក់ទំនងដ៏ល្អនាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ និងសង្គត់ធ្ងន់លើទំនាក់ទំនងនៃវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ដោយលោកបានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោ នឹងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរីកច្រើនបន្ដទៀត។
ស្របជាមួយគ្នានេះឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការនៅតាមបន្ទាត់ព្រំដែនជាព្រំដែនសន្ដិភាព ព្រំដែនសហប្រតិបត្ដិការជាមួយគ្នា ដែលសុខសុវត្ថិភាពល្អជាមួយតាមរយ:កិច្ចសហការរវាងកងទ័ព និងអាជ្ញាធរនៃប្រទេសទាំងពីរ។
បន្ថែមពីនេះលោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក៏បានរាយការណ៍ជូនសម្ដេចតេជោ ពីសកម្មភាព និងការជួបពិភាក្សាជាមួយឯកឧត្ដមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិកម្ពុជា ក្នុងពេលដែលលោកបានបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាកត្ដាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកទំនាក់ទំនងទ្វេរភាគីក្នុងក្រមខណ្ឌកងទ័ពកម្ពុជា-ឡាវ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សម្ដែងការពេញចិត្ដចំពោះរបាយការណ៍ និងលទ្ធផលអំឡុង ដែលលោក Saichay បានមកបំពេញបេកសកម្មនៅកម្ពុជា ដែលសម្ដេចតេជោក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិក៏ដូចជាកងទ័ពកម្ពុជា-ឡាវ ពង្រីកការចែករំលែកបទពិសោធ ការបណ្ដុះបណ្កាលធនធានមនុស្ស ឲ្យកាន់តែផុលផុស និងចំនួនច្រើនជាងមុនតាមរយ:ការផ្ដល់អាហារូបករណ៍ ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកមួយក្នុងការបង្កើតមូលធនមនុស្សក្នុងវិស័យការពារជាតោឲ្យកាន់តែរីកចម្រើន។

សម្ដេចតេជោ ក៏បានបង្ហាញក្ដីរីករាយដែលបានឃើញនូវកិច្ចសហប្រតិបត្ដិការដ៏ល្អនៅតាមព្រំដែន ដែលសម្ដេចសង្ឃឹម និងជំរុញបន្ថែមឲ្យអាជ្ញាធរ និងកងទ័ពនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាឲ្យបានល្អដើម្បីរក្សាសន្ដិភាព សន្ដិសុខនៅតាមព្រំដែនឲ្យកាន់តែល្អ និងបានផ្ដល់យោបល់ឲ្យធ្វើកិច្ចសហប្រតិបត្ដិការនៅតាមព្រំដែន មិនត្រឹមតែនៅក្នុងក្រមខណ្ឌប្រពៃណីដែលមានការបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាដើមនោះទេ លើសពីនេះសម្ដេចចង់ឃើញឲ្យមានកិច្ចសហប្រតិបត្ដិការគ្រប់គ្រងគ្រោះមហន្ដរាយ ដូចជាទឹកជំនន់ ឬភ្លើងឆេះព្រៃជាដើម ក្នុងគោលដៅឲ្យមានកិច្ចសហប្រតិបត្ដិការគ្រប់ទម្រង់ និងស៊ីជម្រៅ៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម