ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ឆ្លើយតបចំពោះទស្សនមួយចំនួនតូចដែលចោទប្រកាន់ថា រដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

image



ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបចំពោះមតិមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ដោយបានចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។ លោកបានលើកឡើងដូចនេះ តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។​

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការឆ្លើយតបចំពោះបងប្អូនយើងដែលមិនគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។ ខ្ញុំសូមធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ»។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបម្តទៀតថា ការទាមទារទឹកដីនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដី និងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ ដោយរាជរដ្ឋាភិបាលបានគិតគូរដល់ជនភៀសសឹក។

ទន្ទឹមនេះលោកបានចោទជាសំណួរថា តើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរ ឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។

ចំពោះការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់ជនមួយចំនួ​នមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ។ តែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់ជនភៀសសឹក ត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងដែរថា យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬអាទិត្យ ក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត៕